ទំនុកដំកើង 104:14-27

ទំនុកដំកើង 104:14-27 ពគប

ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ នឹង​ប្រេង សំរាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺ ហើយ​អាហារ​ផង សំរាប់​ចំរើន​កំឡាំង​ចិត្ត​មនុស្ស អស់​ទាំង​ដើម​ឈើ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆ្អែត គឺ​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ទ្រង់​បាន​ដាំ ជា​កន្លែង​ដែល​សត្វ​ស្លាប​ធ្វើ​សំបុក​នៅ ឯ​សត្វ​កុក​វា​បាន​ដើម​កកោះ​ជា​ទី​អាស្រ័យ អស់​ទាំង​ភ្នំ​ខ្ពស់​ជា​ទី​សំរាប់​ពពែ​ព្រៃ ហើយ​អស់​ទាំង​ថ្ម​ជា​ទី​ពឹង​ជ្រក​នៃ​ទន្សាយ​ថ្ម ទ្រង់​បាន​ដំរូវ​ព្រះ‌ចន្ទ ទុក​សំរាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ ទ្រង់​ធ្វើ​ឲ្យ​ងងឹត នោះ​គឺ​ជា​យប់​ហើយ ជា​ពេល​ដែល​គ្រប់​ទាំង​សត្វ​នៅ​ព្រៃ​រមែង​ចេញ​មក អស់​ទាំង​សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា ក៏​សូម​អាហារ​ពី​ព្រះ​មក លុះ​ថ្ងៃ​រះ​ឡើង​កាល​ណា វា​ក៏​បាត់​ទៅ ចូល​ទៅ​ដេក​ក្នុង​រូង​វា​វិញ ឯ​មនុស្ស​គេ​ចេញ​មក​ឯ​កិច្ច​ធុរៈ​របស់​ខ្លួន ហើយ​ក៏​ធ្វើ​ការ​ដរាប​ដល់​ល្ងាច ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត នុ៎ះ​ន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ ក៏​មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់ បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក គ្រប់​សត្វ​ទាំង​នោះ​សង្ឃឹម​ចាំ​តែ​ទ្រង់ ឲ្យ​ទ្រង់​បាន​ប្រទាន​ចំណី​ដល់​វា​តាម​ត្រូវ​ពេល