សុភាសិត 3:1-8
សុភាសិត 3:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។ ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។ កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។ នោះនឹងបានជាសេចក្ដីសុខស្រួល ដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង។
សុភាសិត 3:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។ ឱវាទរបស់ឪពុកនឹងផ្ដល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។ ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។ កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។ ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។ កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ហើយងាកចេញពីអំពើអាក្រក់។ ការប្រព្រឹត្តដូច្នេះជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។
សុភាសិត 3:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្តាំរបស់អញទាំងប៉ុន្មាន ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង កុំឲ្យសេចក្ដីមេត្តា នឹងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំង២នោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ នឹងបំណងល្អចំពោះព្រះ ហើយនឹងមនុស្សផង ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្ដីអាក្រក់ទៅ នោះនឹងបានជាសេចក្ដីសុខស្រួលដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង