សុភាសិត 2:1-22
សុភាសិត 2:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ បើឯងស្រែកហៅរកតម្រិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ។ ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍ សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រក នៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅឯពួកមនុស្សស្លាប់។ ឯពួកអ្នកដែលដែលទៅវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។ ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយ នឹងត្រូវរំលើងចេញពីស្រុកទៅ។
សុភាសិត 2:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ ចូរយកតម្រិះមកធ្វើជាជំនួយ ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។ ចូរខំប្រឹងស្វែងរកប្រាជ្ញា ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។ ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចព្រះអម្ចាស់ ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។ មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។ ព្រះអង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ ព្រះអង្គជួយការពារ អស់អ្នកដែលដើរតាមគន្លងធម៌ ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។ ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។ ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ដែលពោលពាក្យខិលខូច ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។ ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។ អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។ ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន គឺស្ត្រីផិតប្ដីរបស់ខ្លួន និងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។ អាកប្បកិរិយារបស់ស្ត្រីបែបនេះ រមែងបណ្ដាលឲ្យគ្រួសាររបស់ខ្លួនស្លាប់ និងនាំគេឯងឲ្យវិនាសបាត់បង់។ ជនណាភប់ប្រសព្វជាមួយស្ត្រីនេះ ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។ ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ និងយកតម្រាប់តាមមនុស្សសុចរិត ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។ រីឯមនុស្សពាលវិញ ព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុក ហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យ ចេញពីស្រុកដែរ។
សុភាសិត 2:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្តាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ទ្រង់បំរុងទុកសេចក្ដីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្ដីទៀងត្រង់ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀចរបស់មនុស្សអាក្រក់ ផ្លូវគេសុទ្ធតែក្ងិកក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីមនុស្សស្រីដទៃ ដែលនិយាយប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសំឡាញ់ ដែលបានគ្នាពីក្រមុំកំឡោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់វា នាំទៅឯពួកមនុស្សស្លាប់ ឯពួកអ្នកដែលទៅឯវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ។