កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ ចូរយកតម្រិះមកធ្វើជាជំនួយ ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។ ចូរខំប្រឹងស្វែងរកប្រាជ្ញា ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។ ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចព្រះអម្ចាស់ ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។ មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។ ព្រះអង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ ព្រះអង្គជួយការពារ អស់អ្នកដែលដើរតាមគន្លងធម៌ ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។ ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។ ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ដែលពោលពាក្យខិលខូច ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។ ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។ អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។ ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន គឺស្ត្រីផិតប្ដីរបស់ខ្លួន និងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។ អាកប្បកិរិយារបស់ស្ត្រីបែបនេះ រមែងបណ្ដាលឲ្យគ្រួសាររបស់ខ្លួនស្លាប់ និងនាំគេឯងឲ្យវិនាសបាត់បង់។ ជនណាភប់ប្រសព្វជាមួយស្ត្រីនេះ ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។ ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ និងយកតម្រាប់តាមមនុស្សសុចរិត ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។ រីឯមនុស្សពាលវិញ ព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុក ហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យ ចេញពីស្រុកដែរ។
អាន សុភាសិត 2
ស្ដាប់នូវ សុភាសិត 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 2:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ