សុភា‌សិត 2:1-22

សុភា‌សិត 2:1-22 គកស១៦

កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោ‌បល់ អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​យោ‌បល់​នឹង​ថែ​រក្សា​ឯង ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អា‌ក្រក់ ហើយ​ពី​ពួក​មនុស្ស ដែល​តែង​តែ​និយាយ​ពាក្យ​វៀច ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អា‌ក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច របស់​មនុស្ស​អា‌ក្រក់។ ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិច‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ឲ្យ​រួច​ពី​ស្រី​ផិត​ក្បត់ ដែល​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម ជា​អ្នក​ដែល​លះ​ចោល​គូ​សម្លាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​នាង នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។ ឯ​ពួក​អ្នក​ដែល​ដែល​ទៅ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ។ ដូច្នេះ ចូរ​ឯង​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត។ ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អា‌ស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។

អាន សុភា‌សិត 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សុភា‌សិត 2:1-22