ភីលីព 3:1-21

ភីលីព 3:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម្យ៉ាង​ទៀត បង‌ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ខ្ញុំ​មិន​ធុញ​ទ្រាន់​ក្នុង​ការ​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា ហើយ​ក៏​ជួយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង​ក្លាយ​ផង។ ដ្បិត​យើង​ជា​ពួក​កាត់​ស្បែក​ពិត​ប្រាកដ ដែល​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ។ តាម​ពិត ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​ដែរ។ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន​នោះ ខ្ញុំ​លើស​ជាង​អ្នក​នោះ​ទៅ​ទៀត។ ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​សាសន៍​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។ តែ​អ្វីៗ​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន​នោះ ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ព្រោះ​តែ​ព្រះ‌គ្រីស្ទ។ លើស​ពី​នេះ​ទៀត ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ទុក​ដូច​ជា​ខាត ដោយ​សារ​តែ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ‌អង្គ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​ខ្ញុំ​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ទ​វិញ និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។ ខ្ញុំ​ចង់​ស្គាល់​ព្រះ‌គ្រីស្ទ និង​ព្រះ‌ចេស្តា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​រង​ទុក្ខ ដូច​ជា​ព្រះ‌អង្គ​រងទុក្ខ​ក្នុង​ការ​សុគត​ដែរ ប្រសិន‌បើ​អាច​បាន ខ្ញុំ​ចង់​ឲ្យ​មាន​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។ មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​សង្វាត​នឹង​ដេញ​តាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ចាប់​ខ្ញុំ​បាន​នោះ​ដែរ។ បង‌ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​បំណង​មួយ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​រក​អ្វីៗ​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ពី​ស្ថាន​ដ៏​ខ្ពស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ពេញ​វ័យ​ហើយ យើង​ត្រូវ​មាន​គំនិត​បែប​នោះ​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ។ ទោះ​បើ​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​កាន់​ខ្ជាប់​តាម​ច្បាប់​នេះ។ បង‌ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​រស់​នៅ​ដូច​ជា​យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា​ចុះ។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ។ ទី​បំផុត គេ​នឹង​ត្រូវ​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ​ទុក​ជា​សិរី‌ល្អ គេ​គិត​តែ​ពី​អ្វីៗ​នៅ​ផែនដី​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​ព្រះកាយ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដែល​បង្ក្រាប​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មួយ​វិញ​ទៀត បងប្អូន​អើយ ចូរ​មាន​អំណរ​សប្បាយ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ ខ្ញុំ​មិន​ធុញ‌ទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​មក​បងប្អូន​ឡើយ ខ្ញុំ​សរសេរ​ដូច្នេះ ដើម្បី​ពង្រឹង​ជំនឿ​របស់​បងប្អូន។ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​ក្លែង‌ក្លាយ ដ្បិត​យើង​ឯ‌ណេះ​វិញ​ទេ​ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​ព្រះ‌វិញ្ញាណ យើង​អួត‌អាង​លើ​ព្រះ‌គ្រិស្ត*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។ ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ពឹង​ផ្អែក​លើ​លោកីយ៍​បាន​ដែរ។ ប្រសិន​បើ​អ្នក​ឯ​ទៀតៗ​ស្មាន​ថា ខ្លួន​អាច​ពឹង​ផ្អែក​លើ​លោកីយ៍ ខ្ញុំ​រឹត‌តែ​មាន​ហេតុ​ពឹង​ផ្អែក​លើ​លោកីយ៍​ច្រើន​ជាង​អ្នក​នោះ​ទៅ​ទៀត គឺ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក*​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រា‌អែល​ក្នុង​កុល​សម្ព័ន្ធ​បេន‌យ៉ាមីន ខ្ញុំ​ជា​ហេប្រឺ កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​ក្រឹត្យ‌វិន័យ*​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី* បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។ ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​សម្រាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រិស្ត គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌វិសាល​បំផុត។ ដោយ​សារ​តែ​ព្រះអង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម ឲ្យ​តែ​ខ្ញុំ​បាន​ព្រះ‌គ្រិស្ត និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះអង្គ។ ខ្ញុំ​មិន​មែន​សុចរិត​ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ គឺ​សុចរិត​ដោយ​ជឿ​លើ​ព្រះ‌គ្រិស្ត ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះ‌ជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ បំណង​របស់​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះ‌គ្រិស្ត និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឲ្យ​បាន​ដូច​ព្រះអង្គ​ដែល​សោយ​ទិវង្គត ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។ ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទី‌ដៅ ឬ​បាន​គ្រប់​លក្ខណៈ ហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ ដើម្បី​ចាប់​ឲ្យ​បាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ព្រះគ្រិស្ត‌យេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។ បងប្អូន​អើយ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ទី‌ដៅ​នៅ​ឡើយ​ទេ ខ្ញុំ​មាន​បំណង​តែ​មួយ គឺ​បំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​រត់​ហួស​មក​ហើយ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ។ ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី‌ដៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរម‌សុខ ឲ្យ​ទទួល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា «មនុស្ស​គ្រប់​លក្ខណៈ» ត្រូវ​តែ​មាន​គំនិត​បែប​នេះ​ឯង។ ប្រសិន​បើ​បងប្អូន​មាន​គំនិត​ផ្សេង​ត្រង់​ចំណុច​ណា​មួយ ព្រះ‌ជាម្ចាស់​មុខ​ជា​បំភ្លឺ​បងប្អូន​ឲ្យ​ដឹង​មិន​ខាន។ ទោះ​បី​យើង​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ទិស‌ដៅ​ដដែល។ បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​គំរូ ដែល​យើង​បាន​ដាក់​ឲ្យ​បងប្អូន​ឃើញ​នោះ​ទៅ។ ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បងប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បងប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បងប្អូន​ជា​ច្រើន​នាក់​រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត*។ ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ​ខ្មាស​ធ្វើ​ជា​កិត្តិយស ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។ ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​សោត​ទៀត បង​ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឯ​ការ​ដែល​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ធុញ‌ទ្រាន់​ដល់​ខ្ញុំ​ទេ តែ​ជា​ការ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ ចូរ​ប្រយ័ត​នឹង​ពួក​ឆ្កែ ហើយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង‌ក្លាយ​ផង ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​តែ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​និង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត ប៉ុន្តែ ខ្ញុំ​មាន​កន្លែង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​បាន​ដែរ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ហេ‌ព្រើរ កើត​ពី​ពួក​ហេ‌ព្រើរ ឯ​ខាង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ ប៉ុន្តែ សេចក្ដី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ‌គ្រីស្ទ​វិញ ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​សុចរិត​ដែល​មក​ពី​សេចក្ដី​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រិត្យ‌វិន័យ​នោះ​ទេ គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្ដី​ជំនឿ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ នឹង​ព្រះ‌ចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​នឹង​សេចក្ដី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្ដី​ស្លាប់​ផង នោះ​គឺ​បើ​សិន​ជា​មាន​ផ្លូវ​ណា ឲ្យ​ខ្ញុំ​បាន​មក​ដល់​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្ដី ដែល​ព្រះ‌គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្ដី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្ដី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ‌ងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​លក្ខណ៍​ហើយ យើង​ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ឯង តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ‌ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ ប៉ុន្តែ ទោះ​បើ​បាន​ដល់​ទី​ណា​ក៏​ដោយ គង់​តែ​ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់​នោះ​ឯង។ បង​ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ​គ្រប់​គ្នា ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក ដែល​ដើរ​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ក្បួន​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប‌កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។

ចែក​រំលែក
អាន ភីលីព 3