ភីលីព 3
3
1មួយសោតទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ឯការដែលសរសេរសេចក្ដីដដែលៗ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនធុញទ្រាន់ដល់ខ្ញុំទេ តែជាការមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ 2ចូរប្រយ័តនឹងពួកឆ្កែ ហើយនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ព្រមទាំងពួកកាត់ស្បែកក្លែងក្លាយផង 3ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតតែពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនិងសាច់ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត 4ប៉ុន្តែ ខ្ញុំមានកន្លែងទុកចិត្តខាងសាច់ឈាមខ្លះបានដែរ បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាន នោះខ្ញុំក៏លើសទៅទៀត 5ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨ ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រិត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី 6ខាងឯសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងសេចក្ដីសុចរិតក្នុងក្រិត្យវិន័យ នោះខ្ញុំគ្មានទោសសោះ 7ប៉ុន្តែ សេចក្ដីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ 8ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ 9ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់ ដោយសេចក្ដីសុចរិតដែលមកពីសេចក្ដីជំនឿដល់ព្រះគ្រីស្ទ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រិត្យវិន័យនោះទេ គឺជាសេចក្ដីសុចរិតដែលមកពីព្រះ ដោយសេចក្ដីជំនឿវិញ 10ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង 11នោះគឺបើសិនជាមានផ្លូវណា ឲ្យខ្ញុំបានមកដល់សេចក្ដីរស់ពីស្លាប់ឡើងវិញ 12មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្ដី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។
13បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្ដីនេះ១ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្ដីខាងមុខទៀត 14ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ 15ដូច្នេះ យើងទាំងអស់គ្នាដែលគ្រប់លក្ខណ៍ហើយ យើងត្រូវមានគំនិតយ៉ាងនោះឯង តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះទ្រង់នឹងសំដែងឲ្យអ្នករាល់គ្នាបានឃើញសេចក្ដីនេះដែរ 16ប៉ុន្តែ ទោះបើបានដល់ទីណាក៏ដោយ គង់តែត្រូវឲ្យយើងកាន់តាមច្បាប់នោះឯង។
17បងប្អូនអើយ ចូរត្រាប់តាមខ្ញុំគ្រប់គ្នា ហើយពិចារណាមើលឲ្យស្គាល់ពួកអ្នក ដែលដើរដូចជាយើងខ្ញុំបានធ្វើក្បួនឲ្យអ្នករាល់គ្នាហើយ 18ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ 19ចុងបំផុតរបស់គេជាសេចក្ដីហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេ ទុកជាសិរីល្អវិញ គេនឹកតែពីរបស់នៅផែនដីនេះ 20ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង 21ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។
ទើបបានជ្រើសរើសហើយ៖
ភីលីព 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.