ម្យ៉ាងទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្ដីដដែលៗ ផ្ញើមកអ្នករាល់គ្នា ហើយក៏ជួយដល់អ្នករាល់គ្នាដែរ។ ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ព្រមទាំងពួកកាត់ស្បែកក្លែងក្លាយផង។ ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។ តាមពិត ខ្ញុំក៏មានហេតុនឹងទុកចិត្តខាងសាច់ឈាមខ្លះដែរ។ បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាននោះ ខ្ញុំលើសជាងអ្នកនោះទៅទៀត។ ខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាសាសន៍ហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រឹត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ខាងសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ក្រុមជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ។ តែអ្វីៗដែលមានប្រយោជន៍ដល់ខ្ញុំពីមុននោះ ខ្ញុំបានរាប់ជាខាតវិញ ព្រោះតែព្រះគ្រីស្ទ។ លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ និងឲ្យគេបានឃើញខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ តែដោយសារជំនឿដល់ព្រះគ្រីស្ទ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសារជំនឿ។ ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ ប្រសិនបើអាចបាន ខ្ញុំចង់ឲ្យមានជីវិតរស់ពីស្លាប់ឡើងវិញ។ មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែសង្វាតនឹងដេញតាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំបាននោះដែរ។ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។ ដូច្នេះ យើងទាំងអស់គ្នាដែលពេញវ័យហើយ យើងត្រូវមានគំនិតបែបនោះដែរ តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះនឹងសម្តែងឲ្យអ្នករាល់គ្នាបានឃើញសេចក្ដីនេះដែរ។ ទោះបើបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែកាន់ខ្ជាប់តាមច្បាប់នេះ។ បងប្អូនអើយ ចូរត្រាប់តាមខ្ញុំ ហើយពិចារណាមើលឲ្យស្គាល់ពួកអ្នកដែលរស់នៅដូចជាយើងបានធ្វើជាគំរូដល់អ្នករាល់គ្នាចុះ។ ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ។ ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។ ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។
អាន ភីលីព 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលីព 3:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ