ភីលីព 1:9-17

ភីលីព 1:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ក៏​អធិស្ឋាន​សូម​ការ​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​ចំណេះ​ដឹង និង​យល់​គ្រប់​សព្វ​ទាំង​អស់ ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ ក៏​មាន​ពេញ​ដោយ​ផល​នៃ​សេចក្តី​សុចរិត មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ និង​ជា​ការ​សរសើរ​ដល់​ព្រះ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពិត​ជា​បាន​ជួយ​ឲ្យ​ដំណឹង​ល្អ​ចម្រើន​ឡើង​ទៅ​វិញ​ទេ ដើម្បី​ឲ្យ​កង​រក្សា​សន្តិសុខ​ពេញ​ផ្ទៃ​វាំង​ទាំង​មូល និង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ដឹង​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​បង‌ប្អូន​ភាគ​ច្រើន ដែល​មាន​ការ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់​ដោយ‌សារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ឥត​ភ័យ​ខ្លាច។ មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រ‌កែក តែ​អ្នក​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​បំណង​ល្អ។ អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លុប​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ត​យាង​មក បងប្អូន​នឹង​បាន​បរិសុទ្ធ* ឥត​មាន​កំហុស​អ្វី​ឡើយ ហើយ​បងប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ត សម្រាប់​លើក​តម្កើង​សិរី‌រុងរឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹង‌ល្អ​វិញ​ទេ គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ត។ ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បងប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះ‌បន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។ មាន​បងប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ត ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​ប្រណាំង​ប្រជែង តែ​បងប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ បងប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ការពារ​ដំណឹង‌ល្អ។ រីឯ​អ្នក​ដែល​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ*​ទេ គឺ​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា​ក្នុង​ទី​ឃុំ‌ឃាំង​ថែម​ទៀត។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ‌ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់‌អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ ព្រម​ទាំង​មាន​ពេញ​ជា​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​ផង។ បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង នឹង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​ពួក​បង​ប្អូន​ច្រើន​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយ‌សារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច មាន​ខ្លះ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រកែក​មែន តែ​ខ្លះ ដោយ​ចិត្ត​ស្មោះ‌សរ​វិញ ឯ​ពួក​មួយ គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត ឯ​ពួក​មួយ​ទៀត គេ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់​វិញ ដោយ​ដឹង​ថា ខ្ញុំ​បាន​តាំង​ឡើង សំរាប់​ដោះ‌សា​ពី​ដំណឹង​ល្អ

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:9-17

ភីលីព 1:9-17 គខប