ជនគណនា 11:1-9

ជនគណនា 11:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ប្រជាជន​នាំ​គ្នា​រអ៊ូ‌រទាំ​អំពី​ការ​លំបាក​របស់​គេ​នៅ​នឹង​ព្រះ‌កាណ៌​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​បាន​ឮ ហើយ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌អង្គ​ក៏​ឆួល​ឡើង។ ពេល​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆេះ​នៅ​កណ្ដាល​គេ ទាំង​ឆេះ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ជាយ​ជំរំ។ ប៉ុន្តែ ប្រជាជន​នាំ​គ្នា​ស្រែក​រក​លោក​ម៉ូសេ ហើយ​លោក​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​ភ្លើង​ក៏​ស្ងប់​ទៅ។ ដូច្នេះ គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ព្រោះ​ភ្លើង​រប​ស់​ព្រះ‌យេហូវ៉ា​បាន​ឆេះ​នៅ​កណ្ដាល​ពួកគេ។ រីឯ​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល គេ​មាន​ចិត្ត​លោភ​ជា​ខ្លាំង ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​តាម​គេ​ដែរ ដោយ​ពោល​ថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ? យើង​នឹក​ឃើញ​ពី​ត្រី​ដែល​យើង​បរិ‌ភោគ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ស្រុក​អេស៊ីព្ទ ពី​ត្រសក់ ឪឡឹក ខ្ទឹម‌ខ្យល់ ខ្ទឹម‌ក្រហម និង​ខ្ទឹម​ស តែ​ឥឡូវ​នេះ យើង​រីង​ស្លាប់​ហើយ ដ្បិត​គ្មាន​អ្វី​សោះ ឃើញ​មាន​តែ​នំ​ម៉ាណា​នេះ​ប៉ុណ្ណោះ»។ រីឯ​នំ​ម៉ាណា​នេះ​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​ជ័រ​ប្ដេល្លាម។ ប្រជាជន​នាំ​គ្នា​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចម្អិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ហើយ​មាន​រស‌ជាតិ​ដូច​ជា​នំ​ដែល​គេ​ដុត​ដោយ​ប្រេង​អូលីវ។ ពេល​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​ពេល​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា‌មួយ​ដែរ។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ពេល​ឮ​ពួក​គេ​រអ៊ូ‌រទាំ​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ព្រះ‌អម្ចាស់​ក៏​ឆាប‌ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។ ប្រជា‌ជន​នាំ​គ្នា​ស្រែក​សុំ​ឲ្យ​លោក​ម៉ូសេ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ភ្លើង​ក៏​ស្ងប់​ទៅ​វិញ។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេ‌រ៉ា» ដ្បិត​ភ្លើង​របស់​ព្រះ‌អម្ចាស់​បាន​ឆេះ​បំផ្លាញ​ពួក​គេ។ ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ? ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់! ឥឡូវ​នេះ ពួក​យើង​បាក់​កម្លាំង គ្មាន​អ្វី​បរិភោគ គឺ​មាន​តែ​នំ​ម៉ាណា​ប៉ុណ្ណោះ!»។ នំ​ម៉ាណា​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង ស និង​មាន​ពណ៌​ភ្លឺ​ថ្លា។ ប្រជា‌ជន​តែង​នាំ​គ្នា​ចេញ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រស‌ជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។ ពេល​ណា​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​វេលា​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា​មួយ​ដែរ។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​បណ្តាជន​គេ​រទូ‌រទាំ ហើយ​សេចក្ដី​នោះ​ក៏​អាក្រក់ នៅ​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង ហើយ​ភ្លើង​នៃ​ទ្រង់​បាន​ឆេះ​នៅ​កណ្តាល​ពួក​គេ ទាំង​ឆេះ​បំផ្លាញ​នៅ​ចុង​បំផុត​នៃ​ទី​ដំឡើង​ត្រសាល​ទៅ នោះ​បណ្តាជន​ក៏​ស្រែក​រក​ម៉ូសេ ហើយ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​ភ្លើង​បាន​រលត់​ទៅ ដូច្នេះ​គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ពី​ព្រោះ​ភ្លើង​នៃ​ព្រះ‌យេហូវ៉ា​បាន​ឆេះ​ក្នុង​ពួក​គេ។ រីឯ​ពួក​សាសន៍​ដទៃ ដែល​នៅ​លាយ‌ឡំ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​នឹក​ចង់​បាន​ម្ហូប​ជា​ខ្លាំង​ពន់‌ពេក ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យំ​ម្តង​ទៀត​តាម​គេ​ដែរ ដោយ​ពាក្យ​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ យើង​នឹក​រំឭក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីព្ទ​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំឡ នឹង​ខ្ទឹម​ស​ផង តែ​ឥឡូវ​នេះ យើង​រីង​ស្លាប់​ហើយ ដ្បិត​គ្មាន​អ្វី​សោះ មាន​តែ​នំ​ម៉ាន៉ា ដែល​នៅ​ចំពោះ​ភ្នែក​យើង​នេះ​ប៉ុណ្ណោះ រីឯ​នំ​ម៉ាន៉ា​នោះ មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​កែវ‌មុក្តា ពួក​បណ្តាជន​ក៏​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចំអិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ក៏​មាន​រស‌ជាតិ​ដូច​ជា​រស‌ជាតិ​នៃ​ប្រេង​ថ្មី នៅ​វេលា​យប់ កាល​ទឹក​សន្សើម​ធ្លាក់​មក​លើ​ទី​ដំឡើង​ត្រសាល នោះ​នំ​ម៉ាន៉ា​ក៏​ធ្លាក់​មក​ជា​មួយ

ចែក​រំលែក
អាន ជនគណនា 11