ជនគណនា 11
11
ប្រជាជនរអ៊ូរទាំនៅទីរហោស្ថាន
1កាលប្រជាជននាំគ្នារអ៊ូរទាំអំពីការលំបាករបស់គេនៅនឹងព្រះកាណ៌ព្រះយេហូវ៉ា នោះព្រះអង្គបានឮ ហើយសេចក្ដីខ្ញាល់របស់ព្រះអង្គក៏ឆួលឡើង។ ពេលនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ឆេះនៅកណ្ដាលគេ ទាំងឆេះបំផ្លាញផ្នែកខ្លះនៃជាយជំរំ។ 2ប៉ុន្តែ ប្រជាជននាំគ្នាស្រែករកលោកម៉ូសេ ហើយលោកម៉ូសេក៏អធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងក៏ស្ងប់ទៅ។ 3ដូច្នេះ គេហៅទីនោះថា តាបេរ៉ា ព្រោះភ្លើងរបស់ព្រះយេហូវ៉ាបានឆេះនៅកណ្ដាលពួកគេ។
4រីឯសាសន៍ដទៃដែលរស់នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល គេមានចិត្តលោភជាខ្លាំង ហើយកូនចៅអ៊ីស្រាអែលក៏យំតាមគេដែរ ដោយពោលថា៖ «តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ? 5យើងនឹកឃើញពីត្រីដែលយើងបរិភោគដោយឥតគិតថ្លៃនៅស្រុកអេស៊ីព្ទ ពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមក្រហម និងខ្ទឹមស 6តែឥឡូវនេះ យើងរីងស្លាប់ហើយ ដ្បិតគ្មានអ្វីសោះ ឃើញមានតែនំម៉ាណានេះប៉ុណ្ណោះ»។ 7រីឯនំម៉ាណានេះមានភាពដូចជាគ្រាប់ល្ង មានសម្បុរដូចជាជ័រប្ដេល្លាម។ 8ប្រជាជននាំគ្នាចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចម្អិនក្នុងឆ្នាំងធ្វើជានំ ហើយមានរសជាតិដូចជានំដែលគេដុតដោយប្រេងអូលីវ។ 9ពេលសន្សើមធ្លាក់មកលើជំរំនៅពេលយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។ 10លោកម៉ូសេឮប្រជាជនយំនៅគ្រប់គ្រួសាររបស់គេ គឺគ្រប់គ្នាយំនៅទ្វារចូលជំរំរបស់ខ្លួន។ ពេលនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងជាខ្លាំង ហើយលោកម៉ូសេក៏អន់ចិត្តដែរ។ 11លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើទុក្ខទូលបង្គំ ជាអ្នកបម្រើព្រះអង្គដូច្នេះ? ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណរបស់ព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គផ្ទុកមនុស្សទាំងអស់នេះមកលើទូលបង្គំ? 12តើទូលបង្គំបានបង្កើតមនុស្សទាំងអស់នេះមកឬ? តើទូលបង្គំជាឪពុករបស់គេឬ បានជាព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា "ចូរបីគេ ដូចមេដោះបីកូនដែលនៅបៅ" រហូតទៅដល់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកឰយុកោគេដូច្នេះ? 13តើទូលបង្គំទៅរកសាច់ឯណាមកឲ្យមនុស្សទាំងអស់នេះបរិភោគបាន? ដ្បិតគេមកយំដាក់ទូលបង្គំថា "ចូរឲ្យសាច់មកយើងបរិភោគផង"។ 14ទូលបង្គំមិនអាចបីទ្រមនុស្សទាំងអស់នេះម្នាក់ឯងបានទេ ដ្បិតគេជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំហើយ។ 15ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។
16ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលពួកចាស់ទុំសាសន៍អ៊ីស្រាអែលចិតសិបនាក់ ដែលអ្នកដឹងថាជាចាស់ទុំក្នុងចំណោមប្រជាជន និងជាអ្នកដឹកនាំលើពួកគេ ឲ្យមកជួបយើង។ ចូរនាំគេមកកាន់ត្រសាលជំនុំ ហើយឲ្យឈរនៅទីនោះជាមួយអ្នក 17យើងនឹងចុះមកនិយាយជាមួយអ្នកនៅទីនោះ ហើយយើងនឹងយកវិញ្ញាណខ្លះ ដែលស្ថិតលើអ្នក ទៅដាក់លើគេ នោះគេនឹងជួយផ្ទុកបន្ទុកប្រជាជនទាំងនេះជាមួយអ្នក ដើម្បីកុំឲ្យអ្នកផ្ទុកបន្ទុកទាំងអស់នេះតែម្នាក់ឯង។ 18ត្រូវប្រាប់ប្រជាជនថា "ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធសម្រាប់ថ្ងៃស្អែក ហើយអ្នករាល់គ្នានឹងបានបរិភោគសាច់ ដ្បិតអ្នករាល់គ្នាបានយំសោកនៅនឹងព្រះកាណ៌ព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ? ដ្បិតដែលពួកយើងនៅស្រុកអេស៊ីព្ទ នោះប្រសើរជាង"។ ដូច្នេះ ព្រះយេហូវ៉ានឹងប្រទានសាច់មក ហើយអ្នករាល់គ្នានឹងបានបរិភោគ។ 19អ្នករាល់គ្នានឹងបរិភោគ មិនមែនត្រឹមតែមួយថ្ងៃ ពីរថ្ងៃ ឬប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃប៉ុណ្ណោះទេ 20គឺអ្នករាល់គ្នានឹងបរិភោគពេញមួយខែ រហូតទាល់តែសាច់នោះចេញតាមរន្ធច្រមុះ ហើយរហូតដល់អ្នករាល់គ្នាធុញទ្រាន់ផង ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ដែលគង់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាបានយំនៅចំពោះព្រះអង្គថា "ហេតុអ្វីបានជាពួកយើងចេញពីស្រុកអេស៊ីព្ទដូច្នេះ?"»។ 21ប៉ុន្តែ លោកម៉ូសេទូលថា៖ «មនុស្សដែលទូលបង្គំនៅជាមួយ មានពួកថ្មើរជើងចំនួនប្រាំមួយសែននាក់ ហើយព្រះអង្គមានព្រះបន្ទូលថា "យើងនឹងឲ្យសាច់ដល់គេ ដែលគេអាចបរិភោគពេញមួយខែ!" 22តើមានហ្វូងចៀម និងហ្វូងគោដើម្បីនឹងសម្លាប់ឲ្យល្មមសម្រាប់ពួកគេបានឬ? តើមានត្រីនៅក្នុងសមុទ្រ ដើម្បីនឹងប្រមូលឲ្យល្មមសម្រាប់ពួកគេបានឬ?» 23ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកលោកម៉ូសេថា៖ «តើព្រះយេហូវ៉ាគ្មានអំណាច នឹងធ្វើការដូច្នេះបានឬ? ឥឡូវនេះ អ្នកនឹងឃើញថា ពាក្យដែលយើងនិយាយនេះកើតឡើងពិត ឬមិនពិត»។
24ដូច្នេះ លោកម៉ូសេក៏ចេញទៅ ហើយនាំយកព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅប្រាប់ប្រជាជន។ លោកប្រមូលចាស់ទុំចិតសិបនាក់ ពីក្នុងចំណោមប្រជាជន មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ។ 25ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងពពក ហើយមានព្រះបន្ទូលមកកាន់លោក រួចយកវិញ្ញាណខ្លះ ដែលសណ្ឋិតលើលោក ទៅដាក់លើចាស់ទុំទាំងចិតសិបនាក់។ កាលព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ ពួកគេក៏ថ្លែងទំនាយ តែមិនបានថ្លែងតទៅទៀតទេ។
26មានបុរសពីរនាក់ស្ថិតនៅក្នុងជំរំ មួយឈ្មោះអែលដាដ និងម្នាក់ទៀតឈ្មោះមីដាដ ហើយព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ។ អ្នកទាំងពីរបានចុះឈ្មោះរួចហើយ តែមិនបានចេញទៅរោងឧបោសថទេ ហើយគេថ្លែងទំនាយនៅក្នុងជំរំ។ 27យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេពីរឿងនោះថា៖ «អែលដាដ និងមីដាដ កំពុងថ្លែងទំនាយនៅក្នុងជំរំ»។ 28ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនុន ដែលជាអ្នកជំនួយរបស់លោកម៉ូសេ តាំងពីកំលោះមក ពោលថា៖ «លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ!» 29ប៉ុន្ដែ លោកម៉ូសេតបទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ាទៅជាហោរាទាំងអស់គ្នា ហើយសូមឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណព្រះអង្គលើគេផង!»។ 30បន្ទាប់មក លោកម៉ូសេ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅជំរំវិញ។
សត្វក្រួច
31ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់នាំសត្វក្រួចពីសមុទ្រមក ហើយឲ្យធ្លាក់ក្បែរជំរំ មានចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណេះ ហើយចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណោះ ជុំវិញជំរំទាំងអស់ ហើយគលើគ្នាកម្ពស់ប្រហែលពីរហត្ថពីដី។ 32ដូច្នេះ ប្រជាជនក្រោកឡើង នាំគ្នាចាប់ក្រួចពេញមួយថ្ងៃមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់ទៀត។ អ្នកដែលចាប់បានតិចជាងគេ នោះបានដប់ហាប រួចគេហាលសាច់សត្វគ្រួចទាំងនោះទុកសម្រាប់ខ្លួនគេនៅជុំវិញជំរំ។ 33ប៉ុន្តែ កាលសាច់នោះកំពុងនៅជាប់នឹងធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងប្រជាជន ហើយព្រះអង្គវាយប្រជាជននោះដោយគ្រោះកាចមួយយ៉ាងធំ។ 34ដូច្នេះ គេក៏ហៅកន្លែងនោះថា គីប្រុតហាតាវ៉ា ព្រោះនៅទីនោះគេបានកប់ខ្មោចមនុស្សដែលមានចិត្តលោភលន់។ 35ប្រជាជនក៏ចេញដំណើរពីគីប្រុត-ហាតាវ៉ា ឆ្ពោះទៅកាន់ហាសិរ៉ូត ហើយបោះជំរំនៅទីនោះ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies