ជន‌គណនា 11:1-9

ជន‌គណនា 11:1-9 ពគប

ឯ​ពួក​បណ្តាជន​គេ​រទូ‌រទាំ ហើយ​សេចក្ដី​នោះ​ក៏​អាក្រក់ នៅ​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង ហើយ​ភ្លើង​នៃ​ទ្រង់​បាន​ឆេះ​នៅ​កណ្តាល​ពួក​គេ ទាំង​ឆេះ​បំផ្លាញ​នៅ​ចុង​បំផុត​នៃ​ទី​ដំឡើង​ត្រសាល​ទៅ នោះ​បណ្តាជន​ក៏​ស្រែក​រក​ម៉ូសេ ហើយ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​ភ្លើង​បាន​រលត់​ទៅ ដូច្នេះ​គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ពី​ព្រោះ​ភ្លើង​នៃ​ព្រះ‌យេហូវ៉ា​បាន​ឆេះ​ក្នុង​ពួក​គេ។ រីឯ​ពួក​សាសន៍​ដទៃ ដែល​នៅ​លាយ‌ឡំ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​នឹក​ចង់​បាន​ម្ហូប​ជា​ខ្លាំង​ពន់‌ពេក ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យំ​ម្តង​ទៀត​តាម​គេ​ដែរ ដោយ​ពាក្យ​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ យើង​នឹក​រំឭក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីព្ទ​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំឡ នឹង​ខ្ទឹម​ស​ផង តែ​ឥឡូវ​នេះ យើង​រីង​ស្លាប់​ហើយ ដ្បិត​គ្មាន​អ្វី​សោះ មាន​តែ​នំ​ម៉ាន៉ា ដែល​នៅ​ចំពោះ​ភ្នែក​យើង​នេះ​ប៉ុណ្ណោះ រីឯ​នំ​ម៉ាន៉ា​នោះ មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​កែវ‌មុក្តា ពួក​បណ្តាជន​ក៏​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចំអិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ក៏​មាន​រស‌ជាតិ​ដូច​ជា​រស‌ជាតិ​នៃ​ប្រេង​ថ្មី នៅ​វេលា​យប់ កាល​ទឹក​សន្សើម​ធ្លាក់​មក​លើ​ទី​ដំឡើង​ត្រសាល នោះ​នំ​ម៉ាន៉ា​ក៏​ធ្លាក់​មក​ជា​មួយ

អាន ជន‌គណនា 11