ម៉ាកុស 7:24-30

ម៉ាកុស 7:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​ក្រោក​ឡើង ហើយ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​កន្លែង​មួយ​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ហើយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​ព្រះ‌អង្គ​ពុំ​អាច​លាក់​បាន ដ្បិត​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ​ភ្លាម ក៏​ចូល​មក​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ។ ស្ត្រី​នោះ ជា​សាសន៍​ក្រិក ដើម​កំណើត​ស៊ីរ៉ូ‌ភេនីស។ នាង​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ពី​កូន​ស្រី​របស់​នាង តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ឲ្យ​កូន​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន ដ្បិត​មិន​គួរ​យក​នំប៉័ង​របស់​កូន បោះ​ទៅ​ឲ្យ​ឆ្កែ​ឡើយ»។ នាង​ទូល​ឆ្លើយ​ថា៖ «មែន​ហើយ ព្រះ‌អម្ចាស់ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​មក​ដែរ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ដោយ​សារ​ពាក្យ​នេះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​ស្រី​នាង​ហើយ»។ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​ក្មេង​នោះ​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​បាត់​ហើយ។

ចែក​រំលែក
អាន ម៉ាកុស 7

ម៉ាកុស 7:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ុស។ ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ ព្រះអង្គ​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​ព្រះអង្គ​គង់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។ ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ។ ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី។ នាង​ទូល​សូម​ព្រះ‌យេស៊ូ​ដេញ​អារក្ស​ចេញ​ពី​កូន​នាង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។ នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​លោក​ម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​នៅ​ក្រោម​តុ វា​ស៊ី​កម្ទេច​អាហារ​ដែល​កូន​ក្មេង​ធ្វើ​ឲ្យ​ជ្រុះ​នោះ​បាន»។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដោយ​នាង​និយាយ​ដូច្នេះ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ»។ ពេល​ស្ត្រី​នោះ​មក​ដល់​ផ្ទះ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​ពី​ក្មេង​នោះ​ហើយ។

ចែក​រំលែក
អាន ម៉ាកុស 7

ម៉ាកុស 7:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក្រោក​ឡើង​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ប្រទល់​ដែន​ស្រុក​ទីរ៉ុស នឹង​ស្រុក​ស៊ីដូន រួច​ចូល​ទៅ​ក្នុង​ផ្ទះ​១ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ តែ​ទ្រង់​នៅ​កំបាំង​ពុំ​បាន ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោចិ៍​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ (រីឯ​ស្ត្រី​នោះ ជា​សាសន៍​ក្រេក កូន​កាត់​ស៊ីរ៉ូ-ភេនីស) នាង​ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដេញ​អារក្ស​ពី​កូន​ស្រី​នាង​ចេញ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ នាង​ទូល​ឆ្លើយ​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ​ឆ្កែ​នៅ​ក្រោម​តុ​វា​ស៊ី​កំទេច​ពី​កូន​ក្មេង​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ពាក្យ​នោះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ រួច​កាល​នាង​បាន​ទៅ​ដល់​ផ្ទះ​វិញ ក៏​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ អារក្ស​បាន​ចេញ​ស្រេច​ហើយ។

ចែក​រំលែក
អាន ម៉ាកុស 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ