ម៉ាកុស 7
7
1គ្រានោះពួកផារិស៊ី នឹងអ្នកខ្លះក្នុងពួកអាចារ្យ ដែលមកពីក្រុងយេរូសាឡិម គេប្រជុំគ្នាឯទ្រង់ 2កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស 3ដ្បិតពួកផារិស៊ី នឹងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ 4ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្ដីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនឹងតុជាដើម 5ដូច្នេះ ពួកផារិស៊ី នឹងពួកអាចារ្យគេពិចារណាសួរទ្រង់ថា ហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមសណ្តាប់បុរាណរបស់ពួកចាស់ទុំយ៉ាងនេះ គឺគេបរិភោគឥតលាងដៃទេ 6តែទ្រង់ឆ្លើយតបថា ពួកអ្នកមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចជាមានសេចក្ដីចែងទុកមកថា «ជនជាតិនេះ គេគោរពប្រតិបត្តិអញតែបបូរមាត់ទេ ឯចិត្តគេនៅឆ្ងាយពីអញណាស់ 7ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្ដីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ» 8ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត 9ទ្រង់ក៏មានបន្ទូលទៅគេថា អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ 10ដ្បិតលោកម៉ូសេបានផ្តាំថា «ចូរគោរពប្រតិបត្តិឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន» 11តែអ្នករាល់គ្នាថា បើមនុស្សណានិយាយទៅឪពុកម្តាយខ្លួនថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះជា «គ័របាន់» គឺស្រាយថាជាដង្វាយថ្វាយព្រះហើយ 12នោះអ្នករាល់គ្នាមិនបើកឲ្យអ្នកនោះជួយដល់ឪពុកម្តាយ ក្នុងការអ្វីទៀតសោះ 13ក៏លើកព្រះបន្ទូលចោល ដោយសារសណ្តាប់ធ្នាប់ ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយក៏ធ្វើរបៀបយ៉ាងនោះជាច្រើនទៅទៀតដែរ 14រួចទ្រង់ហៅហ្វូងមនុស្សទាំងអស់មកមានបន្ទូលទៅគេថា ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំសិន ហើយឲ្យយល់ចុះ 15គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ 16បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
17កាលទ្រង់បានថយពីហ្វូងមនុស្ស យាងចូលទៅក្នុងផ្ទះវិញ នោះពួកសិស្សទូលសួរទ្រង់ពីពាក្យប្រៀបប្រដូចនោះ 18ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ដែរឬអី តើអ្នករាល់គ្នានឹកមិនឃើញទេឬអីថា របស់អ្វីពីខាងក្រៅដែលចូលក្នុងមនុស្ស នោះពុំអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ 19ដ្បិតរបស់នោះមិនបានចូលទៅក្នុងចិត្ត គឺចូលទៅតែក្នុងពោះប៉ុណ្ណោះ រួចចេញទៅក្នុងបង្គន់ ដូច្នេះ អស់ទាំងអាហារឈ្មោះថា ជារបស់ស្អាតវិញ 20ទ្រង់ក៏មានបន្ទូលថា គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកនោះ 21ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្ដីកំផិត សហាយស្មន់ កាប់សំឡាប់គេ 22លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ នឹងសេចក្ដីចំកួត 23គឺសេចក្ដីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។
24ទ្រង់ក្រោកឡើងយាងចេញពីទីនោះ ទៅឯប្រទល់ដែនស្រុកទីរ៉ុស នឹងស្រុកស៊ីដូន រួចចូលទៅក្នុងផ្ទះ១ មិនចង់ឲ្យអ្នកណាដឹងសោះ តែទ្រង់នៅកំបាំងពុំបាន 25ដ្បិតមានស្ត្រីម្នាក់មានកូនស្រី១ ដែលអារក្សអសោចិ៍ចូល នាងបានឮនិយាយពីទ្រង់ ក៏មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទទ្រង់ 26(រីឯស្ត្រីនោះ ជាសាសន៍ក្រេក កូនកាត់ស៊ីរ៉ូ-ភេនីស) នាងក៏ទូលអង្វរឲ្យទ្រង់ដេញអារក្សពីកូនស្រីនាងចេញ 27តែព្រះយេស៊ូវមានបន្ទូលទៅនាងថា ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិន ព្រោះមិនគួរនឹងយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេ 28នាងទូលឆ្លើយថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែឆ្កែនៅក្រោមតុវាស៊ីកំទេចពីកូនក្មេងដែរ 29នោះទ្រង់មានបន្ទូលថា ដោយព្រោះពាក្យនោះ ចូរនាងទៅចុះ អារក្សបានចេញពីកូននាងហើយ 30រួចកាលនាងបានទៅដល់ផ្ទះវិញ ក៏ឃើញកូនដេកនៅលើគ្រែ អារក្សបានចេញស្រេចហើយ។
31លំដាប់ពីនោះមក ទ្រង់ចេញពីព្រំដែនស្រុកទីរ៉ុស នឹងស៊ីដូន ក៏យាងកាត់ស្រុកដេកាប៉ូល មកដល់សមុទ្រកាលីឡេវិញ 32នោះមានគេនាំមនុស្សថ្លង់ម្នាក់ ដែលនិយាយទាំងពិបាក មកឯទ្រង់ ក៏ទូលអង្វរឲ្យទ្រង់ដាក់ព្រះហស្តលើគាត់ 33ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់ 34កាលទ្រង់បានងើបទតទៅលើមេឃហើយ នោះទ្រង់ថ្ងូរ រួចមានបន្ទូលទៅគាត់ថា «អិបផាថា» គឺថា ឲ្យបើកឡើង 35ស្រាប់តែត្រចៀកក៏បើក សរសៃអណ្តាតបានធូរ នោះគាត់និយាយបានយ៉ាងច្បាស់ 36ទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែដែលទ្រង់ហាមប៉ុណ្ណា នោះគេចេះតែប្រកាសប្រាប់រឹតតែច្រើនឡើងប៉ុណ្ណោះទៀត 37គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.