ម៉ាកុស 6:30-44
ម៉ាកុស 6:30-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសាវកបានមកប្រជុំគ្នានៅចំពោះព្រះយេស៊ូវ ហើយរៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងបានបង្រៀន។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ ដូច្នេះ គេនាំគ្នាចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក។ ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន។ កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។ លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ»។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?» ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន? ចូរទៅមើលមើល៍»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «មានប្រាំដុំ និងត្រីពីរកន្ទុយ»។ ពេលនោះ ព្រះអង្គបង្គាប់ពួកសិស្សឲ្យប្រាប់ពួកគេអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។ ព្រះអង្គយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ងើបព្រះភក្ត្រទៅស្ថានសួគ៌ អរព្រះគុណ ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ដើម្បីចែកឲ្យបណ្ដាជន ហើយព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះទៅគេទាំងអស់គ្នាដែរ។ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា រួចគេប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មានដែលនៅសល់ បានពេញដប់ពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។
ម៉ាកុស 6:30-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកសាវ័ក*វិលត្រឡប់មកគាល់ព្រះយេស៊ូវិញ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសិស្ស* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្តិចសិន»។ ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសិស្ស ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។ កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ ពេលនោះ ថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង* ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។ ព្រះយេស៊ូបង្គាប់ពួកសិស្សឲ្យប្រាប់បណ្ដាជន អង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។ អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ ពួកសិស្ស*ប្រមូលនំប៉័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ ក្នុងចំណោមអ្នកដែលបរិភោគនំប៉័ង មានប្រុសៗចំនួនប្រាំពាន់នាក់។
ម៉ាកុស 6:30-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសាវក ក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្ដីដែលបានបង្រៀនដែរ រួចទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់។ កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ ហើយពេលក៏ជ្រុលផង សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ តែទ្រង់មានបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ប៉ុន្តែពួកសិស្សទូលថា តើឲ្យយើងរាល់គ្នាទៅទិញនំបុ័ងចំនួន៤០រៀល ឲ្យគេបរិភោគឬអី ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន ចូរទៅមើលសិន កាលបានដឹងហើយ ក៏ទូលឆ្លើយថា មាន៥ដុំនឹងត្រី២ទេ នោះទ្រង់បង្គាប់ឲ្យពួកសិស្សប្រាប់គេ ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ គេក៏អង្គុយដោយជួរ ក្នុង១ជួរ៥០នាក់ ទាំងអស់មាន១០០ជួរ រួចទ្រង់យកនំបុ័ង៥ នឹងត្រី២នោះ ងើបទតទៅលើមេឃប្រទានពរ ហើយកាច់នំបុ័ងប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យគេ ក៏បែងភាគត្រី២នោះ ចែកទៅមនុស្សទាំងអស់ដែរ គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតនំបុ័ង នឹងត្រីទាំងប៉ុន្មាន ដែលសល់នៅ បាន១២កន្ត្រក ឯពួកអ្នកដែលបានបរិភោគ នោះមានប្រុសៗ៥ពាន់នាក់។