ពួកសាវកបានមកប្រជុំគ្នានៅចំពោះព្រះយេស៊ូវ ហើយរៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងបានបង្រៀន។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ ដូច្នេះ គេនាំគ្នាចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក។ ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន។ កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។ លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ»។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?» ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន? ចូរទៅមើលមើល៍»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «មានប្រាំដុំ និងត្រីពីរកន្ទុយ»។ ពេលនោះ ព្រះអង្គបង្គាប់ពួកសិស្សឲ្យប្រាប់ពួកគេអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។ ព្រះអង្គយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ងើបព្រះភក្ត្រទៅស្ថានសួគ៌ អរព្រះគុណ ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ដើម្បីចែកឲ្យបណ្ដាជន ហើយព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះទៅគេទាំងអស់គ្នាដែរ។ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា រួចគេប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មានដែលនៅសល់ បានពេញដប់ពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។
អាន ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:30-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ