ម៉ាកុស 6:30-44

ម៉ាកុស 6:30-44 ពគប

ឯ​ពួក​សាវក ក៏​ប្រជុំ​គ្នា​ឯ​ព្រះ‌យេស៊ូវ រ៉ាយ​រឿង​ទូល​ទ្រង់​ពី​ការ​ដែល​ខ្លួន​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​សេចក្ដី​ដែល​បាន​បង្រៀន​ដែរ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយ‌ឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ឯ​ទី​ស្ងាត់​ដោយ‌ឡែក​ទៅ ឯ​ហ្វូង​មនុស្ស​គេ​ឃើញ​ទ្រង់​ចេញ​ទៅ ហើយ​មាន​គ្នា​ច្រើន​បាន​ស្គាល់​ទ្រង់ បាន​ជា​មាន​មនុស្ស​ពី​គ្រប់​ក្រុង​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​មុន ប្រជុំ​គ្នា​ឯ​ទ្រង់។ កាល​ព្រះ‌យេស៊ូវ​បាន​ឡើង​ពី​ទូក​មក នោះ​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជា​ធំ ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ពី​ព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្ដី​ជា​ច្រើន លុះ​ពេល​ជ្រុល​ហើយ នោះ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា ទី​នេះ​ជា​ទី​ស្ងាត់ ហើយ​ពេល​ក៏​ជ្រុល​ផង សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​នៅ​ស្រុក​ស្រែ ហើយ​ក្នុង​ភូមិ​នៅ​ជុំ‌វិញ​ចុះ ដ្បិត​គេ​គ្មាន​អ្វី​បរិភោគ​សោះ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ប៉ុន្តែ​ពួក​សិស្ស​ទូល​ថា តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន ចូរ​ទៅ​មើល​សិន កាល​បាន​ដឹង​ហើយ ក៏​ទូល​ឆ្លើយ​ថា មាន​៥​ដុំ​នឹង​ត្រី​២​ទេ នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ គេ​ក៏​អង្គុយ​ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំង​អស់​មាន​១០០​ជួរ រួច​ទ្រង់​យក​នំបុ័ង​៥ នឹង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ​ប្រទាន​ពរ ហើយ​កាច់​នំបុ័ង​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​គេ ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំង​អស់​ដែរ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​នំបុ័ង នឹង​ត្រី​ទាំង​ប៉ុន្មាន ដែល​សល់​នៅ បាន​១២​កន្ត្រក ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ប្រុសៗ​៥​ពាន់​នាក់។

អាន ម៉ាកុស 6