ម៉ាកុស 2:24-28

ម៉ាកុស 2:24-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ផារិ‌ស៊ី​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «មើល៍ ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ បាន​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​ទេ​ឬ? ស្តេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ពេល​លោក​អ័បៀ‌ថើរ​ធ្វើ​ជា​សម្ដេច​សង្ឃ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ទាំង​ចែក​ឲ្យ​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ឡើយ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​ផារិ‌ស៊ី​ថា៖ «ព្រះ​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​សម្រាប់​មនុស្ស មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ។ ដូច្នេះ កូន​មនុស្ស​នេះ​ហើយ​ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ»។

ចែក​រំលែក
អាន ម៉ាកុស 2

ម៉ាកុស 2:24-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​ខាង​គណៈ​ផារី‌ស៊ី*​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិ‌ភោគ។ នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិ‌ភោគ​ទៀត​ផង។ តាម​ច្បាប់* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិ‌ភោគ​នំប៉័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អត្ថ‌បទ​នោះ​ទេ​ឬ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។

ចែក​រំលែក
អាន ម៉ាកុស 2

ម៉ាកុស 2:24-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ផារិស៊ី​ទូល​ទ្រង់​ថា មើល ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​ផង ក្នុង​កាល​ដែល​គេ​ត្រូវ​ការ ហើយ​ឃ្លាន​ទេ​ឬ​អី គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ នៅ​ក្នុង​ជាន់​ដែល​អ័បៀ‌ថើរ​ធ្វើ​ជា​សំដេច​សង្ឃ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​ផារិស៊ី​ថា ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សំរាប់​ថ្ងៃ​ឈប់​សំរាក​ទេ ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 2