ម៉ាកុស 2:13-28

ម៉ាកុស 2:13-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ម្ដង​ទៀត។ បណ្ដា‌ជន​ទាំង​មូល​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​បង្រៀន​ពួក​គេ។ កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ ព្រះអង្គ​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។ បន្ទាប់​មក ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះអង្គ និង​ពួក​សិស្ស*។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់​បាន​មក​តាម​ព្រះអង្គ។ ពួក​អាចារ្យ​ពី​គណៈ​ផារី‌ស៊ី*​ឃើញ​ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​អ្នក​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាប?»។ ព្រះ‌យេស៊ូ​បាន​ឮ​គេ​និយាយ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​ខ្ញុំ​មក​រក​មនុស្ស​បាប​វិញ»។ ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ី នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ នៅ​ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​ឡើយ។ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។ ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​ឲ្យ​ខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។ មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សិស្ស*​របស់​ព្រះអង្គ​នាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។ ពួក​ខាង​គណៈ​ផារី‌ស៊ី*​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិ‌ភោគ។ នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិ‌ភោគ​ទៀត​ផង។ តាម​ច្បាប់* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិ‌ភោគ​នំប៉័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អត្ថ‌បទ​នោះ​ទេ​ឬ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។

ចែក​រំលែក
អាន ម៉ាកុស 2

ម៉ាកុស 2:13-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​យាង​ចេញ​ទៅ​ឆ្នេរ​សមុទ្រ​ម្តង​ទៀត។ បណ្ដាជន​ទាំង​អស់​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បង្រៀន​ពួក​គេ។ កាល​ព្រះ‌អង្គ​យាង​ហួស​ពី​នោះ​ទៅ ទ្រង់​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​គង់​នៅ​តុ​ក្នុង​ផ្ទះ​របស់​លេវី មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​មក​តាម​ព្រះ‌អង្គ។ កាល​ពួក​អាចារ្យ​ខាង​ពួក​ផារិ‌ស៊ី​ឃើញ​ព្រះ‌អង្គ​សោយ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ គេ​ក៏​សួរ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​មនុស្ស​បាប​ដូច្នេះ?» ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ គេ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប[ឲ្យ​ប្រែ​ចិត្ត]វិញ»។ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​ផារិ‌ស៊ី គេ​កំពុង​តម​អាហារ ហើយ​មាន​មនុស្ស​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​របស់​ពួក​ផារិ‌ស៊ី​តម​អាហារ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ​គ្នា តើ​អាច​ឲ្យ​ភ្ញៀវ​តម​អាហារ​បាន​ឬ? ដរាប​ណា​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ គេ​មិន​អាច​តម​អាហារ​បាន​ទេ។ ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​នៅ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។ គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ បំណាស់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។ ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ធ្លុះ ហើយ​ហូរ​ស្រា​ចេញ​អស់ ឯ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ដែរ គេ​តែង​តែ​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ»។ នៅ​ថ្ងៃ​មួយ ព្រះ‌អង្គ​បាន​យាង​កាត់​វាល​ស្រែ ហើយ​ពេល​កំពុង​ធ្វើ​ដំណើរ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចាប់​ផ្ដើម​បូត​គួរ​ស្រូវ។ ពួក​ផារិ‌ស៊ី​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «មើល៍ ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ បាន​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​ទេ​ឬ? ស្តេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ពេល​លោក​អ័បៀ‌ថើរ​ធ្វើ​ជា​សម្ដេច​សង្ឃ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ទាំង​ចែក​ឲ្យ​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ឡើយ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​ផារិ‌ស៊ី​ថា៖ «ព្រះ​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​សម្រាប់​មនុស្ស មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ។ ដូច្នេះ កូន​មនុស្ស​នេះ​ហើយ​ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ»។

ចែក​រំលែក
អាន ម៉ាកុស 2

ម៉ាកុស 2:13-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​ម្តង​ទៀត ឯ​ហ្វូង​មនុស្ស​ទាំង​អស់ ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បង្រៀន​គេ លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់ កាល​ព្រះ‌យេស៊ូវ​ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​គាត់ នោះ​មាន​មនុស្ស​យក​ពន្ធ នឹង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​ទ្រង់ ហើយ​នឹង​ពួក​សិស្ស ដ្បិត​មាន​គ្នា​ច្រើន​ណាស់ ដែល​តាម​ទ្រង់​មក ឯ​ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី កាល​គេ​ឃើញ​ទ្រង់​សោយ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ដូច្នេះ ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ លុះ​ព្រះ‌យេស៊ូវ​បាន​ឮ នោះ​ទ្រង់​មាន​បន្ទូល​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​ឡើង។ រីឯ​ពួក​សិស្ស​យ៉ូហាន នឹង​ពួក​ផារិស៊ី គេ​កំពុង​តែ​តម ក៏​មក​ទូល​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​យ៉ូហាន នឹង​សិស្ស​ពួក​ផារិស៊ី​គេ​តម តែ​ពួក​សិស្ស​របស់​លោក​មិន​តម​សោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា តើ​ពួក​សំឡាញ់​គាត់​នឹង​តម​អាហារ​បាន​ឬ​ទេ កាល​ប្ដី​នៅ​ជា​មួយ​នៅ​ឡើយ នោះ​តម​អាហារ​ពុំ​បាន​ទេ តែ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​យក​ចេញ​ពី​ពួក​មិត្រ​សំឡាញ់​ទៅ នៅ​គ្រា​នោះ​គេ​នឹង​តម​វិញ គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី​មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ កំណាត់​សំពត់​ថ្មី​នឹង​ហែក​អាវ​ចាស់ ធ្វើ​ឲ្យ​រំហែក​នោះ​រឹង‌រឹត‌តែ​អាក្រក់​ជាង​ទៅ​ទៀត ក៏​គ្មាន​អ្នក​ណា​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​អស់​ហើយ ឯ​ថង់​ស្បែក​ក៏​ត្រូវ​ខូច‌ខាត​ដែរ តោង​តែ​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។ មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ទ្រង់​បាន​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​ទ្រង់​តាំង​ចាប់​បូត​គួរ​ស្រូវ​បណ្តើរ ពួក​ផារិស៊ី​ទូល​ទ្រង់​ថា មើល ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​ផង ក្នុង​កាល​ដែល​គេ​ត្រូវ​ការ ហើយ​ឃ្លាន​ទេ​ឬ​អី គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ នៅ​ក្នុង​ជាន់​ដែល​អ័បៀ‌ថើរ​ធ្វើ​ជា​សំដេច​សង្ឃ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​ផារិស៊ី​ថា ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សំរាប់​ថ្ងៃ​ឈប់​សំរាក​ទេ ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 2