ព្រះយេស៊ូវយាងចេញទៅឆ្នេរសមុទ្រម្តងទៀត។ បណ្ដាជនទាំងអស់នាំគ្នាចូលមករកព្រះអង្គ ហើយព្រះអង្គបង្រៀនពួកគេ។ កាលព្រះអង្គយាងហួសពីនោះទៅ ទ្រង់ទតឃើញលេវី ជាកូនអាល់ផាយ កំពុងអង្គុយនៅកន្លែងយកពន្ធ ហើយព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ កាលព្រះយេស៊ូវគង់នៅតុក្នុងផ្ទះរបស់លេវី មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើន ដែលមកតាមព្រះអង្គ។ កាលពួកអាចារ្យខាងពួកផារិស៊ីឃើញព្រះអង្គសោយជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ គេក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយពួកអ្នកទារពន្ធ និងពួកមនុស្សបាបដូច្នេះ?» ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប[ឲ្យប្រែចិត្ត]វិញ»។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងពួកផារិស៊ី គេកំពុងតមអាហារ ហើយមានមនុស្សមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកយ៉ូហាន និងសិស្សរបស់ពួកផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ពេលកូនកំលោះកំពុងនៅជាមួយគ្នា តើអាចឲ្យភ្ញៀវតមអាហារបានឬ? ដរាបណាកូនកំលោះនៅជាមួយពួកគេនៅឡើយ គេមិនអាចតមអាហារបានទេ។ ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយនៅពេលនោះ គេនឹងតមអាហារវិញ។ គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នោះ បំណាស់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់ ហើយរឹតតែធ្វើឲ្យរហែកលើសដើម។ ក៏គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងធ្វើឲ្យថង់ស្បែកធ្លុះ ហើយហូរស្រាចេញអស់ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ គេតែងតែដាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកថ្មីវិញ»។ នៅថ្ងៃមួយ ព្រះអង្គបានយាងកាត់វាលស្រែ ហើយពេលកំពុងធ្វើដំណើរ ពួកសិស្សរបស់ព្រះអង្គបានចាប់ផ្ដើមបូតគួរស្រូវ។ ពួកផារិស៊ីទូលសួរព្រះអង្គថា៖ «មើល៍ ហេតុអ្វីបានជាពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយ បានឃ្លាន ហើយត្រូវការអាហារទេឬ? ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ពេលលោកអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ទាំងចែកឲ្យពួកអ្នករួមដំណើរជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភោគឡើយ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកផារិស៊ីថា៖ «ព្រះបានបង្កើតថ្ងៃសប្ប័ទសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។ ដូច្នេះ កូនមនុស្សនេះហើយជាម្ចាស់នៃថ្ងៃសប្ប័ទ»។
អាន ម៉ាកុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 2:13-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ