ទ្រង់យាងចេញទៅតាមឆ្នេរសមុទ្រម្តងទៀត ឯហ្វូងមនុស្សទាំងអស់ ក៏មកឯទ្រង់ ហើយទ្រង់បង្រៀនគេ លុះទ្រង់យាងហួសពីនោះទៅ ក៏ទតឃើញលេវី ជាកូនអាល់ផាយ អង្គុយនៅត្រង់កន្លែងយកពន្ធ រួចមានបន្ទូលទៅគាត់ថា ចូរមកតាមខ្ញុំ នោះគាត់ក៏ក្រោកឡើងដើរតាមទ្រង់ កាលព្រះយេស៊ូវទ្រង់គង់នៅតុក្នុងផ្ទះគាត់ នោះមានមនុស្សយកពន្ធ នឹងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនឹងពួកសិស្ស ដ្បិតមានគ្នាច្រើនណាស់ ដែលតាមទ្រង់មក ឯពួកអាចារ្យនឹងពួកផារិស៊ី កាលគេឃើញទ្រង់សោយជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ ក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាលោកបរិភោគជាមួយនឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ លុះព្រះយេស៊ូវបានឮ នោះទ្រង់មានបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង។ រីឯពួកសិស្សយ៉ូហាន នឹងពួកផារិស៊ី គេកំពុងតែតម ក៏មកទូលសួរទ្រង់ថា ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន នឹងសិស្សពួកផារិស៊ីគេតម តែពួកសិស្សរបស់លោកមិនតមសោះ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើពួកសំឡាញ់គាត់នឹងតមអាហារបានឬទេ កាលប្ដីនៅជាមួយនៅឡើយ នោះតមអាហារពុំបានទេ តែនឹងមានថ្ងៃមកដល់ ដែលប្ដីនឹងត្រូវយកចេញពីពួកមិត្រសំឡាញ់ទៅ នៅគ្រានោះគេនឹងតមវិញ គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មីមកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ កំណាត់សំពត់ថ្មីនឹងហែកអាវចាស់ ធ្វើឲ្យរំហែកនោះរឹងរឹតតែអាក្រក់ជាងទៅទៀត ក៏គ្មានអ្នកណាយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងទំលាយថង់ស្បែកហូរចេញអស់ហើយ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ។ មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់បានយាងកាត់ស្រែ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវបណ្តើរ ពួកផារិស៊ីទូលទ្រង់ថា មើល ហេតុអ្វីបានជាគេធ្វើការដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកដូច្នេះ ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ព្រមទាំងពួកអ្នកនៅជាមួយផង ក្នុងកាលដែលគេត្រូវការ ហើយឃ្លានទេឬអី គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ រួចទ្រង់មានបន្ទូលទៅពួកផារិស៊ីថា ថ្ងៃឈប់សំរាកបានតាំងសំរាប់ឲ្យមនុស្ស មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាកទេ ដូច្នេះ កូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។
អាន ម៉ាកុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 2:13-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ