ម៉ាកុស 14:26-50
ម៉ាកុស 14:26-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ចោលខ្ញុំ ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ” ។ ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស*។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន*សិន»។ ព្រះអង្គនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី »។ ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖ «អប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្តែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរដោយប្រើពាក្យដដែល។ ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។ ព្រះយេស៊ូវិលមករកគេជាលើកទីបី មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ ដោយមានបណ្ដាជនមួយក្រុមកាន់ដាវ កាន់ដំបង មកជាមួយផង។ ពួកនាយកបូជាចារ្យ*ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* បានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅ ដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ មានម្នាក់ដែលនៅទីនោះហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ដាច់ស្លឹកត្រចៀកម្ខាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបង មកចាប់ខ្ញុំដូច្នេះ? ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះយេស៊ូ ហើយរត់បាត់អស់ទៅ។
ម៉ាកុស 14:26-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ប៉ុន្តែ ក្រោយពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ តែគាត់ប្រកែកកាន់តែខ្លាំងថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ គេទាំងអស់និយាយដូចគ្នា។ គេមកដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំអធិស្ឋាន»។ ព្រះអង្គយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យតានតឹង ហើយតប់ប្រមល់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តជាខ្លាំង សឹងតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាមចុះ»។ កាលយាងទៅមុខបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានសូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ ប្រសិនបើបាន។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកយកពែងនេះ ចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅពេត្រុសថា៖ «ស៊ីម៉ូនអើយ អ្នកដេកលក់ដូច្នេះឬ? តើអ្នកទ្រាំចាំយាមតែមួយម៉ោងមិនបានទេឬ? ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្តីល្បួង វិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ ព្រះអង្គយាងចេញទៅអធិស្ឋានម្តងទៀត ដោយមានព្រះបន្ទូលជាពាក្យដដែល។ កាលព្រះអង្គយាងត្រឡប់មកវិញ ទ្រង់ឃើញគេដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ បើកមិនរួច ហើយគេមិនដឹងជាទូលព្រះអង្គដូចម្តេច។ ព្រះអង្គយាងមកជាលើកទីបី ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? ល្មមហើយ ពេលកំណត់មកដល់ហើយ កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សមានបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍! អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ មកដល់ភា្លម មានទាំងបណ្ដាជនមួយក្រុម កាន់ដាវ និងកាន់ដំបងមកជាមួយ។ អ្នកទាំងនោះមកពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ។ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយប្រាប់ថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំទៅដោយប្រយ័ត្នប្រយែងចុះ»។ ពេលគាត់មកដល់ គាត់ចូលទៅរកព្រះអង្គភា្លម ដោយទូលថា៖ «រ៉ាប៊ី!» រួចគាត់ថើបព្រះអង្គ។ ពេលនោះ គេក៏លូកដៃមកចាប់ព្រះអង្គ។ ប៉ុន្តែ ក្នុងចំណោមពួកអ្នកដែលឈរជិត មានម្នាក់ហូតដាវកាប់បាវបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបង ដូចខ្ញុំនេះជាចោរឬ? ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង ហើយអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ បទគម្ពីរត្រូវតែបានសម្រេច»។ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះអង្គ ហើយរត់គេចបាត់អស់។
ម៉ាកុស 14:26-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ចោលខ្ញុំ ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ” ។ ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស*។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន*សិន»។ ព្រះអង្គនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី »។ ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖ «អប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្តែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរដោយប្រើពាក្យដដែល។ ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។ ព្រះយេស៊ូវិលមករកគេជាលើកទីបី មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ ដោយមានបណ្ដាជនមួយក្រុមកាន់ដាវ កាន់ដំបង មកជាមួយផង។ ពួកនាយកបូជាចារ្យ*ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* បានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅ ដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ មានម្នាក់ដែលនៅទីនោះហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ដាច់ស្លឹកត្រចៀកម្ខាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបង មកចាប់ខ្ញុំដូច្នេះ? ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះយេស៊ូ ហើយរត់បាត់អស់ទៅ។
ម៉ាកុស 14:26-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ ព្រះយេស៊ូវមានបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។ នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ទ្រង់ក៏យកពេត្រុស យ៉ាកុប នឹងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាមតែ១ម៉ោងមិនបានឬ ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្ដីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ រួចទ្រង់ចេញទៅអធិស្ឋានម្តងទៀត ដោយបន្ទូលជាសេចក្ដីដដែល កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ ទ្រង់បានយាងមកជាគំរប់៣ដង មានបន្ទូលថា ឥឡូវនេះ នៅតែដេកលក់ ហើយសំរាកកំឡាំងទៀតឬ ប៉ុណ្ណឹងចុះ កំណត់ដល់ហើយ មើល កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។ កំពុងដែលទ្រង់មានបន្ទូលនៅឡើយ ស្រាប់តែយូដាសជាម្នាក់ក្នុងពួក១២ ក៏មកដល់ភ្លាម នាំទាំងហ្វូងមនុស្សដ៏ធំ ពីពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ មកជាមួយផង ព្រមទាំងកាន់ដាវ កាន់ដំបង អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័តប្រយែងចុះ កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់ នោះគេលូកដៃទៅចាប់ទ្រង់ តែមានម្នាក់ឈរជិតខាង គាត់ហូតដាវកាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូចជាមកចាប់ចោរឬអី ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែ នេះដើម្បីនឹងធ្វើឲ្យសំរេចតាមបទគម្ពីរទេ នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ