ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ចោលខ្ញុំ ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ” ។ ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស*។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន*សិន»។ ព្រះអង្គនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។ ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖ «អប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្តែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរដោយប្រើពាក្យដដែល។ ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។ ព្រះយេស៊ូវិលមករកគេជាលើកទីបី មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ ដោយមានបណ្ដាជនមួយក្រុមកាន់ដាវ កាន់ដំបង មកជាមួយផង។ ពួកនាយកបូជាចារ្យ*ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* បានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅ ដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ មានម្នាក់ដែលនៅទីនោះហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ដាច់ស្លឹកត្រចៀកម្ខាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបង មកចាប់ខ្ញុំដូច្នេះ? ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះយេស៊ូ ហើយរត់បាត់អស់ទៅ។
អាន ម៉ាកុស 14
ស្ដាប់នូវ ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:26-50
18 ថ្ងៃ
ដំណឹងល្អខ្លីជាងរបស់ម៉ាកុសពិពណ៌នាអំពីការបម្រើនៅលើផែនដីរបស់ព្រះយេស៊ូវគ្រីស្ទថាជាអ្នកបម្រើ និងជាកូនមនុស្សដែលរងទុក្ខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈម៉ាកុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
21 Days
Start your new year with a focus on the spiritual discipline of fasting. This plan includes several passages about fasting and others that encourage reflection and closeness to God. For 21 days, you'll get a daily Bible reading, a brief devotional, reflection questions, and a prayer focus. For more content, check out www.finds.life.church.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ