ម៉ាកុស 14:26-50

ម៉ាកុស 14:26-50 ពគប

រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ» ប៉ុន្តែ​កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា តែ​ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។ នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន ទ្រង់​ក៏​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន​ទៅ​ជា​មួយ​ដែរ ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់‌ប្រមល់​ណាស់ ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ​ចាំ​យាម​ចុះ រួច​កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច នោះ​ទ្រង់​ទំលាក់​ព្រះ‌អង្គ ផ្កាប់​ព្រះ‌ភក្ត្រ​ចុះ​អធិស្ឋាន សូម​ឲ្យ​ពេល​វេលា​នេះ​បាន​កន្លង​ហួស​ពី​ទ្រង់​ទៅ បើ​សិន​ជា​បាន ទ្រង់​មាន​បន្ទូល​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សំរេច​តាម​ព្រះ‌ហឫទ័យ​ទ្រង់​វិញ ទ្រង់​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ក៏​មាន​បន្ទូល​ទៅ​ពេត្រុស​ថា អ្នក​ដេក​លក់​ឬ​អី តើ​នឹង​នៅ​ចាំ​យាម​តែ​១​ម៉ោង​មិន​បាន​ឬ ចូរ​ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ រួច​ទ្រង់​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​បន្ទូល​ជា​សេចក្ដី​ដដែល កាល​ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ នោះ​ក៏​ឃើញ​គេ​កំពុង​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ គេ​មិន​ដឹង​ខ្លួន​ជា​ទូល​ឆ្លើយ​នឹង​ទ្រង់​ថា​ដូច​ម្តេច​ទេ ទ្រង់​បាន​យាង​មក​ជា​គំរប់​៣​ដង មាន​បន្ទូល​ថា ឥឡូវ​នេះ នៅ​តែ​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ ប៉ុណ្ណឹង​ចុះ កំណត់​ដល់​ហើយ មើល កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ។ កំពុង​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​មក​ដល់​ភ្លាម នាំ​ទាំង​ហ្វូង​មនុស្ស​ដ៏​ធំ ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ មក​ជា​មួយ​ផង ព្រម​ទាំង​កាន់​ដាវ កាន់​ដំបង អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត‌ប្រយែង​ចុះ កាល​គេ​បាន​មក​ដល់ នោះ​វា​ចូល​ទៅ​ឯ​ទ្រង់​ភ្លាម ដោយ​ទូល​ថា លោក​គ្រូៗ​អើយ ហើយ​ក៏​ថើប​ទ្រង់ នោះ​គេ​លូក​ដៃ​ទៅ​ចាប់​ទ្រង់ តែ​មាន​ម្នាក់​ឈរ​ជិត​ខាង គាត់​ហូត​ដាវ​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សំរេច​តាម​បទ​គម្ពីរ​ទេ នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ

អាន ម៉ាកុស 14