ម៉ាកុស 13:14-19

ម៉ាកុស 13:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ។ អ្នក​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក​ក្រោម ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​មក​យក​អាវ​របស់​ខ្លួន​វិញ​ដែរ។ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។ ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​យ៉ាង​ខ្លាំង ដែល​តាំង​ពី​កំណើត​ពិភព​លោក​មក គឺ​តាំង​ពី​ព្រះ​បាន​បង្កើត រហូត​មក​ដល់​សព្វ​ថ្ងៃ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។

ចែក​រំលែក
អាន ម៉ាកុស 13

ម៉ាកុស 13:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ ជន​ចង្រៃ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ - សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ - ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា​ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ដែល​នៅ​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន។ ចូរ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​រដូវ​ត្រជាក់​ឡើយ ដ្បិត​ពេល​នោះ ជា​ពេល​មាន​ ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់​មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ ។

ចែក​រំលែក
អាន ម៉ាកុស 13

ម៉ាកុស 13:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ឡើយ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ នឹង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ ដែល​ព្រះ‌ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង

ចែក​រំលែក
អាន ម៉ាកុស 13