មីកា 4:6-13

មីកា 4:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួស ដែល​ដើរ​ពុំ​រួច យើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែល យើង​បាន​ធ្វើ​ទោស» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួច ក្លាយ​ទៅ​ជា​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់​ព្រាត់ ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ យើង​ជា​ព្រះ‌អម្ចាស់ នឹង​គ្រង​រាជ្យ​លើ​ពួក​គេ នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។ រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយ អ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាម និង​ជា​បន្ទាយ​ដ៏​រឹង‌មាំ អ្នក​នឹង​ទទួល​អំណាច​គ្រប់‌គ្រង​ដូច​ពី​ដើម យេរូ‌សាឡឹម​នឹង​ធ្វើ​ជា​រាជ‌ធានី​សា​ជា​ថ្មី»។ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរ ហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​សម្រាល​កូន​ដូច្នេះ? តើ​អ្នក​គ្មាន​ស្ដេច​ទេ​ឬ? តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ? ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរ ដូច​ស្ត្រី​សម្រាល​កូន​ទៅ! ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង ទៅ​រស់​នៅ​តាម​ស្រែ​ចម្ការ អ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ី‌ឡូន។ នៅ​ទី​នេះ ព្រះ‌អម្ចាស់​នឹង​រំដោះ​អ្នក ព្រះអង្គ​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។ ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន លើក​គ្នា​មក​វាយ​ប្រហារ​អ្នក ទាំង​បន់​ថា: “សូម​ឲ្យ​ក្រុង​ស៊ីយ៉ូន​បាត់​បង់​កិត្តិយស ដើម្បី​ឲ្យ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។ ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌ហឫទ័យ របស់​ព្រះ‌អម្ចាស់​ទេ ហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ព្រះអង្គ​ដែរ ព្រះអង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ នៅ​ក្នុង​លាន​បោក​បែន។ «ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង ជាន់​កម្ទេច​ពួក​គេ​ទៅ! យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក ក្រចក​ជើង​ធ្វើ​ពី​លង្ហិន អ្នក​នឹង​ជាន់​កម្ទេច​ជាតិ​សាសន៍​ដ៏​ច្រើន ដូច​គេ​បញ្ជាន់​ស្រូវ ហើយ​ញែក​ជយ‌ភណ្ឌ​របស់​ពួក​គេ ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់ និង​ញែក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

ចែក​រំលែក
អាន មីកា 4

មីកា 4:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​ប្រមូល​អស់​អ្នក​ដែល​បាន​បណ្តេញ ព្រម​ទាំង​អស់​អ្នក​ដែល​យើង​បាន​ធ្វើ​ទុក្ខ​ឲ្យ​មក​វិញ»។ ឯ​ពួក​អ្នក​ខ្វិន នឹង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ ឲ្យ​បាន​ជា​នគរ​មួយ​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​តទៅ។ ដូច្នេះ ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ ឯង​នឹង​មាន​អំណាច​គ្រប់‌គ្រង​ដូច​ដើម​វិញ ឯង​ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ? តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ? តើ​អ្នក​ប្រឹក្សា​របស់​ឯង​វិនាស​អស់​ហើយ​ឬ បាន​ជា​ឯង​ឈឺ​ចាប់​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សម្រាល​កូន​ដូច្នេះ? ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​នឹង​លោះ​ឯង ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង។ ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា "ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ"។ ប៉ុន្តែ គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ប្រមូល​គេ​នៅ​ទី‌លាន​ដូច​ជា​កណ្ដាប់​ស្រូវ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​ទៅ​ជា​ដែក ហើយ​ក្រចក​ជើង​អ្នក​ទៅ​ជា​លង្ហិន អ្នក​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អ្នក​នឹង ញែក​កម្រៃ​របស់​គេ​ចេញ ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។

ចែក​រំលែក
អាន មីកា 4

មីកា 4:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​នឹង​ភ្ជុំ​អស់​អ្នក​ដែល​បាន​ត្រូវ​បណ្តេញ​ចេញ ព្រម​ទាំង​អស់​អ្នក​ដែល​អញ​បាន​ធ្វើ​ទុក្ខ​ផង ឲ្យ​មក​វិញ ឯ​ពួក​ដែល​ខ្វិន នោះ​នឹង​បាន​តាំង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ​ឲ្យ​បាន​ជា​នគរ​១​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​ត​ទៅ ដូច្នេះ ឯ​ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ នេះ​នឹង​មក​ឯ​ឯង​វិញ គឺ​អំណាច​គ្រប់‌គ្រង ដូច​ដើម​នឹង​មក​ឯ​ឯង ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ តើ​អ្នក​ប្រឹក្សា​របស់​ឯង​បាន​វិនាស‌បង់​ហើយ​ឬ បាន​ជា​ឯង​ឈឺ‌ចាប់​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន​ដូច្នេះ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ‌ចាប់ ហើយ​ខំ​រមាត់​ចុះ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លោះ​ឯង ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន​មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ ប៉ុន្តែគេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​ឯង​បាន​ទៅ​ជា​ដែក ហើយ​ក្រចក​ឯង​ទៅ​ជា​លង្ហិន ឯង​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អញ​នឹង​ញែក​កំរៃ​របស់​គេ​ចេញ ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ​សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល

ចែក​រំលែក
អាន មីកា 4