ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយប្រមូលអស់អ្នកដែលបានបណ្តេញ ព្រមទាំងអស់អ្នកដែលយើងបានធ្វើទុក្ខឲ្យមកវិញ»។ ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។ ដូច្នេះ ឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ ឯងនឹងមានអំណាចគ្រប់គ្រងដូចដើមវិញ ឯងជារាជ្យរបស់កូនស្រីយេរូសាឡិម។ ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ? តើគ្មានស្តេចនៅក្នុងឯងឬ? តើអ្នកប្រឹក្សារបស់ឯងវិនាសអស់ហើយឬ បានជាឯងឈឺចាប់ដូចជាស្រី ដែលឈឺនឹងសម្រាលកូនដូច្នេះ? ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ានឹងលោះឯង ចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង។ ឥឡូវនេះ មានសាសន៍ជាច្រើន មូលគ្នាមកទាស់នឹងឯង គេពោលថា "ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ"។ ប៉ុន្តែ គេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្ដីប្រឹក្សារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គបានប្រមូលគេនៅទីលានដូចជាកណ្ដាប់ស្រូវ។ ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។
អាន មីកា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 4:6-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ