មីកា 4

4
សន្តិសុខ សុវត្ថិភាព​កើត​មាន​ដោយ​សារ​ការ​ស្ដាប់​បង្គាប់
1នៅ​ថ្ងៃ​ក្រោយ
ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា
នឹង​បាន​តម្កើង​ឡើង​ជា​កំពូល​លើ​អស់​ទាំង​ភ្នំ​ធំ
និង​លើក​ឡើង​ខ្ពស់​លើ​អស់​ទាំង​ភ្នំ​តូច
នោះ​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ
2ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា
«ចូរ​មក យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា
គឺ​ទៅ​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ
ព្រះ‌អង្គ​នឹង​បង្រៀន​យើង​រាល់​គ្នា​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ
យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ»
ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ
គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម។
3ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ​ក្រម​ដល់​សាសន៍​ជា​ច្រើន
ហើយ​សម្រេច​សេចក្ដី
ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ
ដែល​នៅ​ទី​ឆ្ងាយ
នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល
ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ
ប្រជាជាតិ​នានា​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត
ក៏​មិន​រៀន​វិជ្ជា​ចម្បាំង​ដែរ។
4គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ
ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន
ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ
ដ្បិត​ព្រះ‌ឧស្ឋ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
បាន​ចេញ​វាចា​ហើយ។
5នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ
របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន
គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌នាម
នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដរាប​តទៅ។
ការ​សន្យា​ពី​ការ​ស្ដាឡើង​វិញក្រោយ​ពេល​និរទេស
6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន
ហើយ​ប្រមូល​អស់​អ្នក​ដែល​បាន​បណ្តេញ
ព្រម​ទាំង​អស់​អ្នក​ដែល​យើង​បាន​ធ្វើ​ទុក្ខ​ឲ្យ​មក​វិញ»។
7ឯ​ពួក​អ្នក​ខ្វិន នឹង​ទុក​ជា​សំណល់
ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ
ឲ្យ​បាន​ជា​នគរ​មួយ​ខ្លាំង​ពូកែ
នោះ​ព្រះ‌យេហូវ៉ា​នឹង​សោយ‌រាជ្យ​លើ​គេ
នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​តទៅ។
8ដូច្នេះ ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម
ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ
ឯង​នឹង​មាន​អំណាច​គ្រប់‌គ្រង​ដូច​ដើម​វិញ
ឯង​ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។
9ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ?
តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ?
តើ​អ្នក​ប្រឹក្សា​របស់​ឯង​វិនាស​អស់​ហើយ​ឬ
បាន​ជា​ឯង​ឈឺ​ចាប់​ដូច​ជា​ស្រី
ដែល​ឈឺ​នឹង​សម្រាល​កូន​ដូច្នេះ?
10ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់
ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន
ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ
ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល
ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង
នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច
គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​នឹង​លោះ​ឯង
ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង។
11ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន
មូល​គ្នា​មក​ទាស់​នឹង​ឯង
គេ​ពោល​ថា "ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ
ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ"។
12ប៉ុន្តែ គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ
ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌អង្គ​ដែរ
ដ្បិត​ព្រះ‌អង្គ​បាន​ប្រមូល​គេ​នៅ​ទី‌លាន​ដូច​ជា​កណ្ដាប់​ស្រូវ។
13ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ
ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​ទៅ​ជា​ដែក
ហើយ​ក្រចក​ជើង​អ្នក​ទៅ​ជា​លង្ហិន
អ្នក​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី
ហើយ​អ្នក​នឹង ញែក​កម្រៃ​របស់​គេ​ចេញ
ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា
គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ
ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។

ទើបបានជ្រើសរើសហើយ៖

មីកា 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល