ម៉ាថាយ 9:1-17
ម៉ាថាយ 9:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេស៊ូវយាងចុះទូក ឆ្លងទៅក្រុង របស់ព្រះអង្គវិញ។ ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។ ពេលនោះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះទេតើ!»។ ប៉ុន្តែ ព្រះយេស៊ូវស្គាល់គំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ? ដ្បិតដែលនិយាយថា "អ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង? ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅលើផែនដីនេះ»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះទៅ!» អ្នកនោះក៏ក្រោកឡើង ហើយដើរទៅផ្ទះ។ កាលមហាជនឃើញហេតុការណ៍នោះ គេមានការស្ញប់ស្ញែង ហើយសរសើរតម្កើងដល់ព្រះដែលប្រទានអំណាចដ៏អស្ចារ្យដល់មនុស្សលោក។ ពេលព្រះយេស៊ូវយាងផុតពីទីនោះ ទ្រង់ទតឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងទារពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ ពេលព្រះអង្គសោយអាហារនៅក្នុងផ្ទះ មានពួកអ្នកទារពន្ធ និងមនុស្សបាបជាច្រើន បានមកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្សរបស់ព្រះអង្គ។ ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអស់អ្នកដែលឈឺប៉ុណ្ណោះទើបត្រូវការ។ ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមអាហារជាញឹកញាប់ តែពួកសិស្សរបស់ព្រះអង្គមិនតមដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។ គ្មានអ្នកណាយកក្រណាត់ថ្មី មកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនោះនឹងទាញសម្លៀកបំពាក់ចាស់ ហើយវារឹតតែធ្វើឲ្យរហែកលើសដើម។ ក៏គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកនឹងធ្លុះ ហើយស្រាក៏ធ្លាយ ថង់ក៏ខូច។ ប៉ុន្តែ គេតែងដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកថ្មីវិញ ធ្វើដូច្នេះទើបទាំងពីរនៅគង់បាន»។
ម៉ាថាយ 9:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូយាងចុះទូក ឆ្លងសមុទ្រទៅក្រុង របស់ព្រះអង្គវិញ។ ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នករួចពីបាប*ហើយ!”។ ពួកអាចារ្យ*ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។ ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។ អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។ កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។ កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្តិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ*។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសិស្សដែរ។ ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
ម៉ាថាយ 9:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវ ទ្រង់ក៏យាងចុះទូក ឆ្លងទៅឯក្រុងរបស់ទ្រង់វិញ នោះមានគេនាំមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ ដូច្នេះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា មនុស្សនេះពោលពាក្យប្រមាថដល់ព្រះ ឯព្រះយេស៊ូវ ទ្រង់ឈ្វេងយល់គំនិតគេ ក៏មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា កូនមនុស្សមានអំណាច នឹងអត់ទោសបាបនៅផែនដីបានដែរ នោះទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ អ្នកនោះក៏ក្រោកឡើងដើរទៅឯផ្ទះ កាលហ្វូងមនុស្សបានឃើញការនោះ គេកើតមានសេចក្ដីអស្ចារ្យ ក៏សរសើរដំកើងដល់ព្រះ ដែលទ្រង់បានប្រទានអំណាចយ៉ាងនេះ មកមនុស្សលោក។ លុះព្រះយេស៊ូវយាងហួសពីទីនោះទៅ ទ្រង់ក៏ទតឃើញមនុស្សម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងយកពន្ធ នោះទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំ គាត់ក៏ក្រោកឡើងដើរតាមទ្រង់ទៅ កាលព្រះយេស៊ូវកំពុងគង់សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ នឹងមនុស្សមានបាបជាច្រើន បានមកអង្គុយជាមួយនឹងទ្រង់ នឹងពួកសិស្សទ្រង់ផង កាលពួកផារិស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។ នៅគ្រានោះ ពួកសិស្សរបស់យ៉ូហាន ក៏មកឯទ្រង់ទូលថា ហេតុអ្វីបានជាយើងខ្ញុំ នឹងពួកផារិស៊ី តមតែញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែនឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅទៀត ក៏មិនដែលមានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ហូរស្រាទំពាំងបាយជូរចេញអស់ ហើយទាំងថង់នោះក៏ត្រូវខូចខាតដែរ គឺគេតែងដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកថ្មីវិញ នោះទើបទាំង២បានគង់នៅ។