ម៉ាថាយ 9:1-17

ម៉ាថាយ 9:1-17 គកស១៦

បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ទូក ឆ្លង​ទៅ​ក្រុង របស់​ព្រះ‌អង្គ​វិញ។ ពេល​នោះ មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​រក​ព្រះ‌អង្គ។ ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ចូរ​សង្ឃឹម​ឡើង កូន​បាន​ទទួល​ការ​អត់​ទោស​ពី​បាប​ហើយ»។ ពេល​នោះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ​ទេ​តើ!»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ស្គាល់​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​និយាយ​ថា "អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង? ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​ទៅ!» អ្នក​នោះ​ក៏​ក្រោក​ឡើង ហើយ​ដើរ​ទៅ​ផ្ទះ។ កាល​មហា‌ជន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​មាន​ការ​ស្ញប់‌ស្ញែង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​ដល់​មនុស្ស​លោក។ ពេល​ព្រះ‌យេស៊ូវ​យាង​ផុត​ពី​ទី​នោះ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​ទារ​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ មាន​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ជា​ច្រើន បាន​មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស​របស់​ព្រះ‌អង្គ។ ពេល​ពួក​ផារិស៊ី​ឃើញ​ដូច្នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អស់​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ទើប​ត្រូវ​ការ។ ចូរ​ទៅ​រៀន​ពី​ន័យ​របស់​ពាក្យ​នេះ​ថា "យើង​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ"។ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​មក​ហៅ​មនុស្ស​បាប​វិញ»។ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះ‌អង្គ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ និង​ពួក​ផារិស៊ី​តម​អាហារ​ជា​ញឹក​ញាប់ តែ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​មិន​តម​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «តើ​ភ្ញៀវ​ដែល​មក​ចូល​រួម​ពិធី​មង្គលការ អាច​កាន់​ទុក្ខ​កើត​ដែរ​ឬ ពេល​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។ គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​លើ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នោះ​នឹង​ទាញ​សម្លៀក‌បំពាក់​ចាស់ ហើយ​វា​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។ ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លុះ ហើយ​ស្រា​ក៏​ធ្លាយ ថង់​ក៏​ខូច។ ប៉ុន្តែ គេ​តែង​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ ធ្វើ​ដូច្នេះ​ទើប​ទាំង​ពីរ​នៅ​គង់​បាន»។

អាន ម៉ាថាយ 9