ម៉ាថាយ 9:1-17

ម៉ាថាយ 9:1-17 ពគប

ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​ឯ​ក្រុង​របស់​ទ្រង់​វិញ នោះ​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈ្វេង​យល់​គំនិត​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ ដ្បិត​ដែល​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ អ្នក​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ​ឯ​ផ្ទះ កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្ដី​អស្ចារ្យ ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។ លុះ​ព្រះ‌យេស៊ូវ​យាង​ហួស​ពី​ទី​នោះ​ទៅ ទ្រង់​ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ នោះ​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់​ទៅ កាល​ព្រះ‌យេស៊ូវ​កំពុង​គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ នឹង​ពួក​សិស្ស​ទ្រង់​ផង កាល​ពួក​ផារិស៊ី​បាន​ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​ឮ ហើយ​ទ្រង់​មាន​បន្ទូល​តប​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញ‌បូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ។ នៅ​គ្រា​នោះ ពួក​សិស្ស​របស់​យ៉ូហាន ក៏​មក​ឯ​ទ្រង់​ទូល​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ នឹង​ពួក​ផារិស៊ី តម​តែ​ញយៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា នោះ​តើ​សំឡាញ់​នៃ​គាត់​នឹង​ធ្វើ​ទឹក​មុខ​ព្រួយ​បាន​ឬ​ទេ ប៉ុន្តែ​នឹង​មាន​គ្រា​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ ទើប​គេ​នឹង​តម​អាហារ​វិញ គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង‌រឹត‌តែ​អាក្រក់​ជាង​ទៅ​ទៀត ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំង‌បាយ‌ជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។

អាន ម៉ាថាយ 9