ម៉ាថាយ 7:21-27

ម៉ាថាយ 7:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«មិន​មែន​គ្រប់​គ្នា​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់" ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ទំនាយ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ទេ​ឬ?" ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​ថា "យើង​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ" »។ «ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រលំ​ឡើយ ព្រោះ​ផ្ទះ​នោះ​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្ម។ រីឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​ល្ងង់‌ខ្លៅ ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ខ្សាច់។ ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​ទង្គិច​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង»។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* មិន​មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!”​ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នោះ​វិញ។ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ​ថា “ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះអង្គ​ដែរ”។ ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ!” »។ «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។ រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ​ទេ​តើ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទេ​ឬ​អី នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។ ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។

ចែក​រំលែក
អាន ម៉ាថាយ 7