ម៉ាថាយ 7:21-27

ម៉ាថាយ 7:21-27 គកស១៦

«មិន​មែន​គ្រប់​គ្នា​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់" ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ទំនាយ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ទេ​ឬ?" ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​ថា "យើង​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ" »។ «ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រលំ​ឡើយ ព្រោះ​ផ្ទះ​នោះ​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្ម។ រីឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​ល្ងង់‌ខ្លៅ ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ខ្សាច់។ ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​ទង្គិច​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង»។

អាន ម៉ាថាយ 7