ម៉ាថាយ 7
7
ការថ្កោលទោសអ្នកដទៃ
(លូកា ៦.៣៧-៣៨, ៤១-៤២)
1«កុំថ្កោលទោសគេ ដើម្បីកុំឲ្យព្រះថ្កោលទោសអ្នក 2ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។ 3ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? 4ឬម្តេចក៏អ្នកនិយាយទៅបងប្អូនថា "ចូរឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក" តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? 5មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។
6កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។
សូម ស្វែងរក និងគោះ
(លូកា ១១.៩-១៣)
7«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។ 8ដ្បិតអស់អ្នកណាដែលសូម នោះនឹងបានទទួល អ្នកណាដែលរក នោះនឹងបានឃើញ ក៏នឹងបើកឲ្យអ្នកណាដែលគោះដែរ។ 9ក្នុងចំណោមអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មទៅកូន? 10ឬបើកូនសូមត្រី តើនឹងឲ្យពស់ទៅកូនឬ? 11ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!»
វិន័យមាស
(លូកា ១៣.២៤)
12«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ទ្វារចង្អៀត
13ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ 14រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
ដើមឈើ និងផលផ្លែរបស់វា
(លូកា ៦.៤៣-៤៤)
15«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។ 16អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? 17ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ 18ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ 19អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ 20ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ»។
ព្រះបន្ទូលអំពីការបញ្ឆោតខ្លួនឯង
(លូកា ១៣.២៥-២៧)
21«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ 22នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" 23ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។
មនុស្សពីរនាក់សង់ផ្ទះ
(លូកា ៦.៤៦-៤៩)
24«ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម 25ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។ 26រីឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់។ 27ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះទង្គិចនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាខ្លាំង»។
28កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ មហាជនក៏នឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ 29ដ្បិតទ្រង់បង្រៀនគេប្រកបដោយអំណាច មិនដូចពួកអាចារ្យរបស់គេទេ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies