ម៉ាថាយ 5:27-48

ម៉ាថាយ 5:27-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់" ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។ ប្រសិន‌បើ​ភ្នែក​ស្តាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក។ ប្រសិន‌បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ធ្លាក់​នរក»។ «មាន​សេចក្តី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​លែង​ប្រពន្ធ អ្នក​នោះ​ត្រូវ​ធ្វើ​សំបុត្រ​លែង​លះ​ឲ្យ​នាង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ នោះ​នាំ​ឲ្យ​នាង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​ស្បថ​កុហក​ឲ្យ​សោះ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សម្បថ ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់" ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​ព្រះ ឬ​ស្បថ​នឹង​ផែនដី​ក្តី ព្រោះ​ផែនដី​ជា​កំណល់​កល់​ព្រះ‌បាទា​ព្រះ‌អង្គ ទោះ​ជា​ស្បថ​នឹង​ក្រុង​យេរូ‌សាឡិម​ក្តី ព្រោះ​យេរូ‌សាឡិម​ជា​ក្រុង​របស់​ស្តេច​ដ៏​ធំ។ កុំ​ស្បថ​នឹង​ក្បាល​របស់​អ្នក ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សរសៃ​ទៅ​ជា​ស ឬ​ជា​ខ្មៅ​បាន​ឡើយ ត្រូវ​ឲ្យ​ពាក្យ​របស់​អ្នក មែន​គឺ​មែន ទេ​គឺ​ទេ សេចក្តី​ណា​ដែល​លើស​ពី​នេះ សុទ្ធ​តែ​មក​ពី​អា​កំណាច​ទាំង​អស់»។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ភ្នែក​ឲ្យ​សម​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​សម​នឹង​ធ្មេញ" ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​ឡើយ ប្រសិន‌បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ ហើយ​បើ​អ្នក​ណា​ចង់​ប្តឹង​យក​អាវ​ខ្លី​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​វែង​របស់​អ្នក​ទៅ​ផង។ បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ជា​មួយ​គេ​ពីរ​យោជន៍​ចុះ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ ហើយ​កុំ​ប្រ‌កែក​នឹង​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្វី​មួយ​ពី​អ្នក​ឡើយ»។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក"។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ‌វរបិតា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​អ្វី? សូម្បី​តែ​ពួក​អ្នក​ទារពន្ធ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ? បើ​អ្នក​រាល់​គ្នា​រាក់​ទាក់​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? សូម្បី​តែ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ? ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:27-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់ ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ស្រេច​ទៅ​ហើយ។ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។ «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឲ្យ​នាង” រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា: “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ក៏​កុំ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ព្រោះ​ផែនដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះអង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម។ កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។ ត្រូវ​និយាយ​ឲ្យ​ទៀង​ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ” ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។ បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។ អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បងប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះអង្គ​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:27-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ» ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍​ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។ មាន​សេចក្ដី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​ដែល​ចង់​លែង​ប្រពន្ធ នោះ​មាន​តែ​ឲ្យ​សំបុត្រ​លះ​លែង​ដល់​នាង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ស្ត្រី​ណា​ដែល​មិន​ផិត​ប្ដី បើ​ប្ដី​នោះ​លែង​ចេញ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្រី​សំផឹង​ហើយ បើ​អ្នក​ណា​យក​ស្ត្រី​ដែល​ប្ដី​លែង ធ្វើ​ជា​ប្រពន្ធ អ្នក​នោះ​ហៅ​ថា ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។ មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ស្បថ​នឹង​ព្រះ‌អម្ចាស់» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ ទោះ​នឹង​ផែនដី​ក្តី ព្រោះ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ទោះ​នឹង​ក្រុង​យេរូ‌សាឡិម​ក្តី ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​សក់​១​សរសៃ​ត្រឡប់​ទៅ​ជា​ស​ឬ​ជា​ខ្មៅ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ ប៉ុណ្ណោះ សេចក្ដី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ។ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​ថា «ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត បើ​អ្នក​ណា​ប្តឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​មក​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំង​សត្រូវ​ឯង​វិញ» ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ផង ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ​អី ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 5