ម៉ាថាយ 5:27-48

ម៉ាថាយ 5:27-48 ពគប

អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ» ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍​ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។ មាន​សេចក្ដី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​ដែល​ចង់​លែង​ប្រពន្ធ នោះ​មាន​តែ​ឲ្យ​សំបុត្រ​លះ​លែង​ដល់​នាង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ស្ត្រី​ណា​ដែល​មិន​ផិត​ប្ដី បើ​ប្ដី​នោះ​លែង​ចេញ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្រី​សំផឹង​ហើយ បើ​អ្នក​ណា​យក​ស្ត្រី​ដែល​ប្ដី​លែង ធ្វើ​ជា​ប្រពន្ធ អ្នក​នោះ​ហៅ​ថា ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។ មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ស្បថ​នឹង​ព្រះ‌អម្ចាស់» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ ទោះ​នឹង​ផែនដី​ក្តី ព្រោះ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ទោះ​នឹង​ក្រុង​យេរូ‌សាឡិម​ក្តី ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​សក់​១​សរសៃ​ត្រឡប់​ទៅ​ជា​ស​ឬ​ជា​ខ្មៅ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ ប៉ុណ្ណោះ សេចក្ដី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ។ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​ថា «ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត បើ​អ្នក​ណា​ប្តឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​មក​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំង​សត្រូវ​ឯង​វិញ» ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ផង ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ​អី ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។

អាន ម៉ាថាយ 5