ម៉ាថាយ 5:27-48

ម៉ាថាយ 5:27-48 គកស១៦

«អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់" ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។ ប្រសិន‌បើ​ភ្នែក​ស្តាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក។ ប្រសិន‌បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ធ្លាក់​នរក»។ «មាន​សេចក្តី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​លែង​ប្រពន្ធ អ្នក​នោះ​ត្រូវ​ធ្វើ​សំបុត្រ​លែង​លះ​ឲ្យ​នាង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ នោះ​នាំ​ឲ្យ​នាង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​ស្បថ​កុហក​ឲ្យ​សោះ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សម្បថ ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់" ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​ព្រះ ឬ​ស្បថ​នឹង​ផែនដី​ក្តី ព្រោះ​ផែនដី​ជា​កំណល់​កល់​ព្រះ‌បាទា​ព្រះ‌អង្គ ទោះ​ជា​ស្បថ​នឹង​ក្រុង​យេរូ‌សាឡិម​ក្តី ព្រោះ​យេរូ‌សាឡិម​ជា​ក្រុង​របស់​ស្តេច​ដ៏​ធំ។ កុំ​ស្បថ​នឹង​ក្បាល​របស់​អ្នក ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សរសៃ​ទៅ​ជា​ស ឬ​ជា​ខ្មៅ​បាន​ឡើយ ត្រូវ​ឲ្យ​ពាក្យ​របស់​អ្នក មែន​គឺ​មែន ទេ​គឺ​ទេ សេចក្តី​ណា​ដែល​លើស​ពី​នេះ សុទ្ធ​តែ​មក​ពី​អា​កំណាច​ទាំង​អស់»។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ភ្នែក​ឲ្យ​សម​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​សម​នឹង​ធ្មេញ" ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​ឡើយ ប្រសិន‌បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ ហើយ​បើ​អ្នក​ណា​ចង់​ប្តឹង​យក​អាវ​ខ្លី​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​វែង​របស់​អ្នក​ទៅ​ផង។ បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ជា​មួយ​គេ​ពីរ​យោជន៍​ចុះ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ ហើយ​កុំ​ប្រ‌កែក​នឹង​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្វី​មួយ​ពី​អ្នក​ឡើយ»។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក"។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ‌វរបិតា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​អ្វី? សូម្បី​តែ​ពួក​អ្នក​ទារពន្ធ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ? បើ​អ្នក​រាល់​គ្នា​រាក់​ទាក់​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? សូម្បី​តែ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ? ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។

អាន ម៉ាថាយ 5