ម៉ាថាយ 27:3-10
ម៉ាថាយ 27:3-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលយូដាស ជាអ្នកក្បត់ព្រះអង្គឃើញថាព្រះអង្គជាប់ទោស គាត់សោកស្តាយជាខ្លាំង ហើយយកប្រាក់កាក់សាមសិបស្លឹង ទៅប្រគល់ឲ្យពួកសង្គ្រាជ និងពួកចាស់ទុំវិញ ដោយពោលថា៖ «ខ្ញុំបានធ្វើបាប ព្រោះខ្ញុំបានក្បត់នឹងឈាមដែលឥតទោស»។ គេឆ្លើយថា៖ «តើរឿងនេះទាក់ទងអ្វីដល់យើង? នេះជារឿងរបស់អ្នកឯងទេតើ!»។ គាត់ក៏បោះប្រាក់កាក់នោះទៅក្នុងព្រះវិហារ ហើយចេញទៅក្រៅ រួចចងកសម្លាប់ខ្លួន។ ពួកសង្គ្រាជរើសប្រាក់កាក់នោះ ហើយពោលថា៖ «ប្រាក់កាក់នេះគ្មានច្បាប់នឹងទុកក្នុងហិបតង្វាយទេ ព្រោះជាប្រាក់បង់ថ្លៃឈាម ។» ក្រោយពីបានពិគ្រោះគ្នាហើយ គេក៏យកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ។ ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតដល់សព្វថ្ងៃ។ ហេតុការណ៍នេះក៏បានសម្រេចសេចក្ដីដែលបានថ្លែងទុកមកតាមរយៈហោរាយេរេមាថា៖ «គេបានយកប្រាក់កាក់សាមសិបស្លឹង ជាតម្លៃព្រះអង្គដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ ហើយគេឲ្យប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បានបង្គាប់ខ្ញុំ» ។
ម៉ាថាយ 27:3-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*វិញ ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។ យូដាសបាចប្រាក់នោះនៅក្នុងព្រះវិហារ* ហើយចេញទៅចងកសម្លាប់ខ្លួន។ ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម »។ ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។ ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតមកទល់សព្វថ្ងៃ។ ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*យេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថា ជាថ្លៃទិញលោកនោះ ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ» ។
ម៉ាថាយ 27:3-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ នឹងពួកចាស់ទុំវិញ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម លុះគេបានពិគ្រោះគ្នាហើយ ក៏យកប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ទុកសំរាប់ជាទីកប់ខ្មោចនៃសាសន៍ដទៃវិញ ដោយហេតុនោះបានជាគេហៅវាលនោះថា «វាលឈាម» ដរាបដល់សព្វថ្ងៃនេះ នោះបានសំរេចតាមទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «គេបានយកប្រាក់៣០ ជាដំឡៃព្រះអង្គ ដែលគេបានកាត់ថ្លៃឲ្យ គឺដែលពួកកូនចៅសាសន៍អ៊ីស្រាអែលបានកាត់ថ្លៃនោះ ហើយគេឲ្យប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជាព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ»។