ម៉ាថាយ 27:3-10

ម៉ាថាយ 27:3-10 គកស១៦

កាល​យូដាស ជា​អ្នក​ក្បត់​ព្រះ‌អង្គ​ឃើញ​ថា​ព្រះ‌អង្គ​ជាប់​ទោស គាត់​សោក​ស្តាយ​ជា​ខ្លាំង ហើយ​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ទៅ​ប្រគល់​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ធ្វើ​បាប ព្រោះ​ខ្ញុំ​បាន​ក្បត់​នឹង​ឈាម​ដែល​ឥត​ទោស»។ គេ​ឆ្លើយ​ថា៖ «តើ​រឿង​នេះ​ទាក់​ទង​អ្វី​ដល់​យើង? នេះ​ជា​រឿង​របស់​អ្នក​ឯង​ទេ​តើ!»។ គាត់​ក៏​បោះ​ប្រាក់​កាក់​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចេញ​ទៅ​ក្រៅ រួច​ចង​ក​សម្លាប់​ខ្លួន។ ពួក​សង្គ្រាជ​រើស​ប្រាក់​កាក់​នោះ ហើយ​ពោល​ថា៖ «ប្រាក់​កាក់​នេះ​គ្មាន​ច្បាប់​នឹង​ទុក​ក្នុង​ហិប​តង្វាយ​ទេ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម ។» ក្រោយ​ពី​បាន​ពិគ្រោះ​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ពួក​សាសន៍​ដទៃ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​ដល់​សព្វ​ថ្ងៃ។ ហេតុ‌ការណ៍​នេះ​ក៏​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ជា​តម្លៃ​ព្រះ‌អង្គ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​ថ្លៃ ហើយ​គេ​ឲ្យ​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​ខ្ញុំ» ។

អាន ម៉ាថាយ 27

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 27:3-10