ម៉ាថាយ 27:3-10

ម៉ាថាយ 27:3-10 ពគប

កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ ក៏​យក​ប្រាក់​៣០​ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​វិញ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ តែ​គេ​ឆ្លើយ​ថា តើ​នោះ​អំពល់​អ្វី​ដល់​យើង ការ​នោះ​ស្រេច​នៅ​ឯង​ទេ​តើ វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ ឯ​ពួក​សង្គ្រាជ គេ​រើស​ប្រាក់​នោះ​មក​និយាយ​ថា ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពី​ព្រោះ​ជា​ថ្លៃ​ឈាម លុះ​គេ​បាន​ពិគ្រោះ​គ្នា​ហើយ ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ទុក​សំរាប់​ជា​ទី​កប់​ខ្មោច​នៃ​សាសន៍​ដទៃ​វិញ ដោយ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​វាល​នោះ​ថា «វាល​ឈាម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​ប្រាក់​៣០ ជា​ដំឡៃ​ព្រះ‌អង្គ ដែល​គេ​បាន​កាត់​ថ្លៃ​ឲ្យ គឺ​ដែល​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​បាន​កាត់​ថ្លៃ​នោះ ហើយ​គេ​ឲ្យ​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ដូច​ជា​ព្រះ‌អម្ចាស់​ទ្រង់​បាន​បង្គាប់​ខ្ញុំ»។

អាន ម៉ាថាយ 27

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 27:3-10