ម៉ាថាយ 23:13-29

ម៉ាថាយ 23:13-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។ [វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បាន​ស៊ី​បំផ្លាញ​ផ្ទះ​ស្រ្ដី​មេម៉ាយ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ]។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក ទម្រាំ​នឹង​បាន​មនុស្ស​ម្នាក់​ចូល​សាសនា លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​សម​នឹង​ធ្លាក់​នរក ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។ ឱ​មនុស្ស​ល្ងង់​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ? ហើយ​អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​តង្វាយ​នៅ​លើ​អាសនា អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។ ឱ​មនុស្ស​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង​តង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​តង្វាយ​នោះ​បរិសុទ្ធ? ដូច្នេះ អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា និង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ​ហើយ អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ‌អង្គ​ដែល​គង់​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ អ្នក​ណា​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​របស់​ព្រះ ហើយ​នឹង​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ជីរ​អង្កាម ជីរ​នាង​វង និង​ម្អម តែ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​នឹង​រឿង​ដែល​សំខាន់​ជាង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា‌ករុណា និង​ជំនឿ។ សេចក្ដី​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ឯ​ទៀត​ដែរ។ ឱ​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ! វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​លាង​ពែង លាង​ចាន​តែ​ខាង​ក្រៅ ប៉ុន្តែ ខាង​ក្នុង​ពេញ​ដោយ​សេចក្ដី​លោភ‌លន់ និង​តណ្ហា​របស់​ខ្លួន។ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ! ចូរ​លាង​ពែង លាង​ចាន​ខាង​ក្នុង​ជា​មុន​សិន នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ដែល​គេ​លាប​ស ខាង​ក្រៅ​មើល​ឃើញ​ស្អាត តែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ចំពោះ​មនុស្ស តែ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ពេញ​ដោយ​សេចក្តី​ពុត‌ត្បុត និង​សេចក្តី​ទុច្ចរិត។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​សង់​ផ្នូរ​របស់​ពួក​ហោរា ហើយ​តុប‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត

ចែក​រំលែក
អាន ម៉ាថាយ 23

ម៉ាថាយ 23:13-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នែ! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង។ [ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ឆ‌បោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​មិន​ខាន]។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះ‌បញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មនុស្ស​ម្នាក់​ដែរ។ លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួ‌ជាតិ ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។ ពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា “បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ*​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះ‌វិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។ មនុស្ស​លេ‌លា កង្វាក់​អើយ! មាស និង​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។ មនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនៈ មាន​ទាំង​អ្វីៗ​នៅ​លើ​អាសនៈ​ជា​សាក្សី​មែន។ អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះ‌វិហារ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ជា​សាក្សី​ដែរ។ អ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរម‌សុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌នាង‌វង និង​ម្អម​មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​លះ‌បង់​ក្រឹត្យ‌វិន័យ*​សំខាន់ៗ​ចោល មាន​សេចក្ដី​សុចរិត មេត្តា‌ករុណា​ធម៌ និង​ជំនឿ​ស្មោះ​ត្រង់​ជា​ដើម។ វិន័យ​ទាំង​ប៉ុន្មាន​ប្រការ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​ដោយ​ឥត​លះ‌បង់​ចោល​ប្រការ​ឯ​ទៀតៗ។ អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​ដំរី​មួយ​ទាំង​មូល​ទៅ​វិញ!។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេង‌ប្រវ័ញ្ច និង​ការ​លោភ‌លន់។ ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សម្អាត​ផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​បរិសុទ្ធ*​ដែរ។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សម្តែង​ឫក‌ពារ​ខាង​ក្រៅ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុប‌តែង​ផ្នូរ​របស់​មនុស្ស​សុចរិត

ចែក​រំលែក
អាន ម៉ាថាយ 23

ម៉ាថាយ 23:13-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថាន‌សួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក​ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ខំ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ឲ្យ​បាន​ឆ​ស៊ី​ផ្ទះ​ពួក​មេម៉ាយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដើរ​ជុំ​ជើង​ទឹក ជើង​គោក ដើម្បី​នឹង​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គេ​ចូល​កាន់​ហើយ នោះ​អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​គេ​ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក ជា​ជាង​ខ្លួន​១​ជា​២​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ ដូច្នេះ អ្នក​ណា​ដែល​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា ហើយ​នឹង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ ឯ​អ្នក​ណា​ដែល​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ ហើយ​អ្នក​ណា​ដែល​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​នៃ​ព្រះ ហើយ​នឹង​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ នឹង​ល្ង​ផង តែ​បាន​ចោល​សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រិត្យ‌វិន័យ វិញ ដូច​ជា​សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​ជំនឿ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ ក៏​មិន​ត្រូវ​ចោល​ផង ឱ​ពួក​មនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ នឹង​សេចក្ដី​ហួស​ខ្នាត​ទទេ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច នឹង​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​មុខ​វិញ អ្នក​រាល់​គ្នា​ក៏​បែប​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្ដី​កំពុត នឹង​សេចក្ដី​ទទឹង​ច្បាប់​ទទេ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ពួក​ហោរា ហើយ​តាក់‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត

ចែក​រំលែក
អាន ម៉ាថាយ 23