ម៉ាថាយ 23

23
ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ និង​ពួក​ផារិស៊ី
(ម៉ាកុស ១២.៣៨-៤០ លូកា ២០.៤៥-៤៧, ១១.៣៩-៥២)
1ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន និង​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ 2«ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ 3ដូច្នេះ ចូរ​ប្រព្រឹត្ត ហើយ​កាន់​តាម​អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា​ចុះ ប៉ុន្តែ កុំ​ត្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។ 4គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​នឹង​ទទួល ហើយ​ដាក់​លើ​ស្មា​មនុស្ស តែ​ខ្លួន​គេ​មិន​ទាំង​ព្រម​លើក​ម្រាម​ដៃ​ជួយ​សម្រាល​បន្ទុក​នោះ​ផង។ 5កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន គេ​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ ដ្បិត​គេ​ពង្រីក​ស្លាក របស់​គេ​ឲ្យ​កាន់​តែ​ធំ និង​រំយោល​អាវ​របស់​គេ​ឲ្យ​កាន់​តែ​វែង។ 6គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់លៀង និង​កន្លែង​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ 7គេ​ចូល​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "រ៉ាប៊ី" 8ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "ព្រះ‌គ្រូ" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ​គ្រូ​តែ​មួយ​គត់ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា។ 9កុំ​ហៅ​អ្នក​ណា​នៅ​លើ​ផែនដី​ថា "ព្រះ‌បិតា" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ‌បិតា​តែ​មួយ​ប៉ុណ្ណោះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ 10ក៏​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ថា "សាស្តា" ដែរ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​មួយ​ប៉ុណ្ណោះ គឺ​ព្រះ‌គ្រីស្ទ។ 11អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា​វិញ។ 12អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អ្នក​ណា​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​លើក​តម្កើង។
13វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។ 14[វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បាន​ស៊ី​បំផ្លាញ​ផ្ទះ​ស្រ្ដី​មេម៉ាយ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ]។ 15វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក ទម្រាំ​នឹង​បាន​មនុស្ស​ម្នាក់​ចូល​សាសនា លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​សម​នឹង​ធ្លាក់​នរក ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។
16វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។ 17ឱ​មនុស្ស​ល្ងង់​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ? 18ហើយ​អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​តង្វាយ​នៅ​លើ​អាសនា អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។ 19ឱ​មនុស្ស​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង​តង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​តង្វាយ​នោះ​បរិសុទ្ធ? 20ដូច្នេះ អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា និង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ​ហើយ 21អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ‌អង្គ​ដែល​គង់​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ 22អ្នក​ណា​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​របស់​ព្រះ ហើយ​នឹង​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។
23វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ជីរ​អង្កាម ជីរ​នាង​វង និង​ម្អម តែ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​នឹង​រឿង​ដែល​សំខាន់​ជាង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា‌ករុណា និង​ជំនឿ។ សេចក្ដី​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ឯ​ទៀត​ដែរ។ 24ឱ​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ!
25វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​លាង​ពែង លាង​ចាន​តែ​ខាង​ក្រៅ ប៉ុន្តែ ខាង​ក្នុង​ពេញ​ដោយ​សេចក្ដី​លោភ‌លន់ និង​តណ្ហា​របស់​ខ្លួន។ 26ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ! ចូរ​លាង​ពែង លាង​ចាន​ខាង​ក្នុង​ជា​មុន​សិន នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។
27វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ដែល​គេ​លាប​ស ខាង​ក្រៅ​មើល​ឃើញ​ស្អាត តែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង។ 28អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ចំពោះ​មនុស្ស តែ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ពេញ​ដោយ​សេចក្តី​ពុត‌ត្បុត និង​សេចក្តី​ទុច្ចរិត។
29វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​សង់​ផ្នូរ​របស់​ពួក​ហោរា ហើយ​តុប‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត 30ដោយ​ពោល​ថា "ប្រសិន‌បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ‌បុរស​របស់​យើង នោះ​យើង​មិន​បាន​រួម​គំនិត​ជា​មួយ​ពួក​គាត់ ដើម្បី​កម្ចាយ​ឈាម​ពួក​ហោរា​ទេ"។ 31ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ហោរា​ទាំង​នោះ។ 32ដូច្នេះ ចូរ​បំពេញ​រង្វាល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ។ 33ឱ​ពួក​សត្វ​ពស់ ពូជ​ពស់​វែក​អើយ! តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​កាត់​ទោស ឲ្យ​ធ្លាក់​នរក​ដូច​ម្តេច​បាន? 34ដោយ​ហេតុ​នេះ ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​សម្លាប់ ហើយ​ឆ្កាង ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​វាយ​នឹង​រំពាត់​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ដេញ​តាម​ព្យាបាទ​គេ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ 35ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​លើ​ផែនដី ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា តាំង​ពី​ឈាម​របស់​លោក​អេបិល ជា​មនុស្ស​សុចរិត រហូត​ដល់​លោក​សាការី ជា​កូន​លោក​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ទី​បរិសុទ្ធ និង​អាសនា។ 36ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​ទាំង​អស់​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​វិញ»។
ព្រះ‌យេស៊ូវ​សោយ​សោក​នឹង​ក្រុង​យេរូ‌សាឡិម
(លូកា ១៣.៣៤-៣៥)
37«ឱ​យេរូ‌សាឡិម យេរូ‌សាឡិម​ជា​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​គប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​អើយ! តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​អ្នក​មក ដូច​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ជ្រក​ក្រោម​ស្លាប តែ​អ្នក​មិន​ព្រម​ទេ! 38មើល៍! ផ្ទះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​ទុក​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ 39ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​និយាយ​ថា
"សូម​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់
ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ "»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ