ម៉ាថាយ 23:13-29

ម៉ាថាយ 23:13-29 គកស១៦

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។ [វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បាន​ស៊ី​បំផ្លាញ​ផ្ទះ​ស្រ្ដី​មេម៉ាយ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ]។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក ទម្រាំ​នឹង​បាន​មនុស្ស​ម្នាក់​ចូល​សាសនា លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​សម​នឹង​ធ្លាក់​នរក ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។ ឱ​មនុស្ស​ល្ងង់​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ? ហើយ​អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​តង្វាយ​នៅ​លើ​អាសនា អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។ ឱ​មនុស្ស​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង​តង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​តង្វាយ​នោះ​បរិសុទ្ធ? ដូច្នេះ អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា និង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ​ហើយ អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ‌អង្គ​ដែល​គង់​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ អ្នក​ណា​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​របស់​ព្រះ ហើយ​នឹង​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ជីរ​អង្កាម ជីរ​នាង​វង និង​ម្អម តែ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​នឹង​រឿង​ដែល​សំខាន់​ជាង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា‌ករុណា និង​ជំនឿ។ សេចក្ដី​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ឯ​ទៀត​ដែរ។ ឱ​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ! វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​លាង​ពែង លាង​ចាន​តែ​ខាង​ក្រៅ ប៉ុន្តែ ខាង​ក្នុង​ពេញ​ដោយ​សេចក្ដី​លោភ‌លន់ និង​តណ្ហា​របស់​ខ្លួន។ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ! ចូរ​លាង​ពែង លាង​ចាន​ខាង​ក្នុង​ជា​មុន​សិន នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ដែល​គេ​លាប​ស ខាង​ក្រៅ​មើល​ឃើញ​ស្អាត តែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ចំពោះ​មនុស្ស តែ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ពេញ​ដោយ​សេចក្តី​ពុត‌ត្បុត និង​សេចក្តី​ទុច្ចរិត។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​សង់​ផ្នូរ​របស់​ពួក​ហោរា ហើយ​តុប‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត

អាន ម៉ាថាយ 23