ម៉ាថាយ 23:1-12

ម៉ាថាយ 23:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន និង​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ ដូច្នេះ ចូរ​ប្រព្រឹត្ត ហើយ​កាន់​តាម​អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា​ចុះ ប៉ុន្តែ កុំ​ត្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។ គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​នឹង​ទទួល ហើយ​ដាក់​លើ​ស្មា​មនុស្ស តែ​ខ្លួន​គេ​មិន​ទាំង​ព្រម​លើក​ម្រាម​ដៃ​ជួយ​សម្រាល​បន្ទុក​នោះ​ផង។ កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន គេ​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ ដ្បិត​គេ​ពង្រីក​ស្លាក របស់​គេ​ឲ្យ​កាន់​តែ​ធំ និង​រំយោល​អាវ​របស់​គេ​ឲ្យ​កាន់​តែ​វែង។ គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់លៀង និង​កន្លែង​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ គេ​ចូល​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "រ៉ាប៊ី" ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "ព្រះ‌គ្រូ" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ​គ្រូ​តែ​មួយ​គត់ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា។ កុំ​ហៅ​អ្នក​ណា​នៅ​លើ​ផែនដី​ថា "ព្រះ‌បិតា" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ‌បិតា​តែ​មួយ​ប៉ុណ្ណោះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ក៏​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ថា "សាស្តា" ដែរ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​មួយ​ប៉ុណ្ណោះ គឺ​ព្រះ‌គ្រីស្ទ។ អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា​វិញ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អ្នក​ណា​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​លើក​តម្កើង។

ចែក​រំលែក
អាន ម៉ាថាយ 23

ម៉ាថាយ 23:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន និង​ពួក​សិស្ស*​ថា៖ «ពួក​អាចារ្យ* និង​ពួក​ផារីស៊ី* មាន​ភារ‌កិច្ច​បង្រៀន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*។ អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិបត្តិ​តាម​ទៅ តែ​កុំ​យក​តម្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។ អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹង‌រ៉ឹង យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​មិន​ជួយ​សម្រាល​បន្ទុក​នោះ​ទេ សូម្បី​តែ​បន្តិច‌បន្តួច​ក៏​មិន​ជួយ​ផង។ គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់ ​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។ ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់‌លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ*។ ពួក​នេះ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ”។ រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បងប្អូន​នឹង​គ្នា។ កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​“មគ្គទេសក៍”​ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រិស្ត​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 23

ម៉ាថាយ 23:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស ហើយ​នឹង​ពួក​សិស្ស​ទ្រង់​ថា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​បាន​តាំង​ខ្លួន​គេ អង្គុយ​នៅ​ទី​បង្រៀន​របស់​លោក​ម៉ូសេ ដូច្នេះ គ្រប់​ទាំង​សេចក្ដី​ណា​ដែល​គេ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម នោះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ប៉ុន្តែ​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ថា តែ​មិន​ធ្វើ​តាម​ទេ ពី​ព្រោះ​គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដាក់​លើ​ស្មា​មនុស្ស ជា​បន្ទុក​ដែល​ពិបាក​ទទួល តែ​ខ្លួន​គេ​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​ឆ្កឹះ​បន្ទុក​នោះ​ផង គ្រប់​ទាំង​ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​តែ​មនុស្ស​មើល​ឃើញ​ទេ គឺ​គេ​ធ្វើ​ស្លាក​ធំៗ​កត់​ក្រិត្យ‌វិន័យ នឹង​រំយោល​អាវ​គេ​ឲ្យ​វែងៗ គេ​គាប់​ចិត្ត​នឹង​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង នឹង​កន្លែង​ដែល​មុខ​គេ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា លោក​គ្រូៗ​ផង ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្តា​ឡើយ ដ្បិត​មាន​សាស្តា​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ‌គ្រីស្ទ តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

ចែក​រំលែក
អាន ម៉ាថាយ 23