ម៉ាថាយ 23:1-12

ម៉ាថាយ 23:1-12 ពគប

គ្រា​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស ហើយ​នឹង​ពួក​សិស្ស​ទ្រង់​ថា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​បាន​តាំង​ខ្លួន​គេ អង្គុយ​នៅ​ទី​បង្រៀន​របស់​លោក​ម៉ូសេ ដូច្នេះ គ្រប់​ទាំង​សេចក្ដី​ណា​ដែល​គេ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម នោះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ប៉ុន្តែ​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ថា តែ​មិន​ធ្វើ​តាម​ទេ ពី​ព្រោះ​គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដាក់​លើ​ស្មា​មនុស្ស ជា​បន្ទុក​ដែល​ពិបាក​ទទួល តែ​ខ្លួន​គេ​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​ឆ្កឹះ​បន្ទុក​នោះ​ផង គ្រប់​ទាំង​ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​តែ​មនុស្ស​មើល​ឃើញ​ទេ គឺ​គេ​ធ្វើ​ស្លាក​ធំៗ​កត់​ក្រិត្យ‌វិន័យ នឹង​រំយោល​អាវ​គេ​ឲ្យ​វែងៗ គេ​គាប់​ចិត្ត​នឹង​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង នឹង​កន្លែង​ដែល​មុខ​គេ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា លោក​គ្រូៗ​ផង ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្តា​ឡើយ ដ្បិត​មាន​សាស្តា​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ‌គ្រីស្ទ តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

អាន ម៉ាថាយ 23