ម៉ាថាយ 22:34-46
ម៉ាថាយ 22:34-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ កាលពួកផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកសាឌូស៊ីស្ងាត់មាត់ គេក៏មកជួបជុំគ្នា ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើបទបញ្ជាណាសំខាន់ជាងគេ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។ កាលពួកផារិស៊ីកំពុងនៅជួបជុំគ្នា ព្រះយេស៊ូវមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច? តើព្រះអង្គជាព្រះរាជវង្សរបស់អ្នកណា?» គេទូលព្រះអង្គថា៖ «ជាព្រះរាជវង្សព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចុះហេតុដូចម្តេចបានជាព្រះបាទដាវីឌមានរាជឱង្ការដោយព្រះវិញ្ញាណ ហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" ដោយមានរាជឱង្ការថា៖ "ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ ខ្មាំងសត្រូវរបស់ព្រះអង្គ នៅក្រោមព្រះបាទារបស់ព្រះអង្គ"? ដូច្នេះ បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" តើព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?» គ្មានអ្នកណាអាចឆ្លើយតបមួយម៉ាត់ ចំពោះព្រះអង្គបានទេ ហើយតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។
ម៉ាថាយ 22:34-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកខាងគណៈផារីស៊ី*ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ី*ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ* តើមានបទបញ្ជាណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯង” ។ បទបញ្ជាទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការី*ទាំងអស់»។ ពេលនោះ ពួកខាងគណៈផារីស៊ី*នៅជុំគ្នា ព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្តជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ទៅវិញដូច្នេះ គឺស្ដេចមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ បើព្រះបាទដាវីឌហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។ គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។
ម៉ាថាយ 22:34-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែកាលពួកផារិស៊ីបានឮថា ទ្រង់ធ្វើឲ្យពួកសាឌូស៊ីបាត់មាត់ដូច្នោះ នោះគេក៏មូលគ្នា ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា លោកគ្រូ ក្នុងបណ្តាក្រិត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។ កំពុងដែលពួកផារិស៊ីនៅមូលគ្នានៅឡើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលសួរគេថា អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា នោះគេទូលឆ្លើយថា ជាព្រះវង្សហ្លួងដាវីឌ ទ្រង់មានបន្ទូលសួរទៀតថា ដូច្នេះ ធ្វើដូចម្តេចឲ្យហ្លួងដាវីឌមានបន្ទូល ដោយនូវព្រះវិញ្ញាណ ហៅទ្រង់ជាព្រះអម្ចាស់បាន ដោយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់នៃខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯង» ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន តែគ្មានអ្នកណាអាចនឹងឆ្លើយតបទៅទ្រង់១ម៉ាត់បានទេ រួចតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។