ម៉ាថាយ 22:34-46

ម៉ាថាយ 22:34-46 ពគប

តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា លោក​គ្រូ ក្នុង​បណ្តា​ក្រិត្យ‌វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត នោះ​ព្រះ‌យេស៊ូវ​ឆ្លើយ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» បណ្តា​ក្រិត្យ‌វិន័យ នឹង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង។ កំពុង​ដែល​ពួក​ផារិស៊ី​នៅ​មូល​គ្នា​នៅ​ឡើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះ‌វង្ស​អ្នក​ណា នោះ​គេ​ទូល​ឆ្លើយ​ថា ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ទ្រង់​មាន​បន្ទូល​សួរ​ទៀត​ថា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ហ្លួង​ដាវីឌ​មាន​បន្ទូល ដោយ​នូវ​ព្រះ‌វិញ្ញាណ ហៅ​ទ្រង់​ជា​ព្រះ‌អម្ចាស់​បាន ដោយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង​នៅ​ក្រោម​ជើង​ឯង» ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន តែ​គ្មាន​អ្នក​ណា​អាច​នឹង​ឆ្លើយ​តប​ទៅ​ទ្រង់​១​ម៉ាត់​បាន​ទេ រួច​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

អាន ម៉ាថាយ 22