ម៉ាថាយ 22:34-46

ម៉ាថាយ 22:34-46 គកស១៦

ប៉ុន្តែ កាល​ពួក​ផារិស៊ី​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​ស្ងាត់​មាត់ គេ​ក៏​មក​ជួប​ជុំ​គ្នា ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់ បាន​សួរ​ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «"ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក" នេះ​ជា​បទ‌បញ្ជា​ទី​មួយ ហើយ​សំខាន់​ជាង​គេ។ ហើយ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង" គ្រប់​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​មាន​ឫស​គល់​ចេញ​ពី​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឯង»។ កាល​ពួក​ផារិស៊ី​កំពុង​នៅ​ជួប​ជុំ​គ្នា ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច? តើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ដោយ​ព្រះ‌វិញ្ញាណ ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" ដោយ​មាន​រាជ‌ឱង្ការ​ថា៖ "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ"? ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" តើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?» គ្មាន​អ្នក​ណា​អាច​ឆ្លើយ​តប​មួយ​ម៉ាត់ ចំពោះ​ព្រះ‌អង្គ​បាន​ទេ ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ឡើយ។

អាន ម៉ាថាយ 22