ម៉ាថាយ 21:23-46
ម៉ាថាយ 21:23-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជន នាំគ្នាចូលមករកព្រះអង្គពេលទ្រង់កំពុងបង្រៀន ហើយសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី ហើយអ្នកណាប្រគល់អំណាចនេះឲ្យលោក?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏នឹងសួរអស់លោកមួយសំណួរដែរ បើអស់លោកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។ តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?» គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" គាត់នឹងសួរយើងថា "ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿ?" តែបើយើងថា "មកពីមនុស្ស" យើងខ្លាចបណ្ដាជន ដ្បិតគេទាំងអស់គ្នាចាត់ទុកយ៉ូហានជាហោរា»។ ដូច្នេះ គេទូលឆ្លើយទៅព្រះយេស៊ូវថា៖ «យើងមិនដឹងទេ» ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វីដែរ»។ «តើអ្នករាល់គ្នាយល់យ៉ាងណា? បុរសម្នាក់មានកូនប្រុសពីរ គាត់ចូលទៅប្រាប់កូនទីមួយថា "កូនអើយ ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ!" កូននោះតបថា៖ "ខ្ញុំមិនទៅទេ" ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅ។ បន្ទាប់មក ឪពុកចូលទៅប្រាប់កូនទីពីរដូចគ្នា កូននោះតបថា "ខ្ញុំទៅ លោកឪពុក" តែមិនបានទៅទេ។ ក្នុងចំណោមកូនទាំងពីរ តើកូនណាមួយបានធ្វើតាមបំណងរបស់ឪពុក?» គេឆ្លើយថា៖ «កូនច្បង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះមុនអ្នករាល់គ្នា ដ្បិតលោកយ៉ូហានបានមករកអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿលោកទេ រីឯពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿលោក ទោះជាអ្នករាល់គ្នាបានឃើញ ក៏អ្នករាល់គ្នានៅតែមិនបានដូរគំនិត ហើយជឿលោកដែរ»។ «ចូរស្តាប់រឿងប្រៀបធៀបមួយទៀត មានបុរសម្នាក់ជាម្ចាស់ចម្ការ បានធ្វើចម្ការទំពាំងបាយជូរមួយ គាត់ធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែក្នុងចម្ការ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ចម្ការនោះទៅឲ្យពួកអ្នកធ្វើចម្ការ ហើយក៏ចេញទៅស្រុកមួយផ្សេងទៀត។ លុះរដូវប្រមូលផលមកដល់ គាត់ក៏ចាត់ពួកអ្នកបម្រើរបស់ខ្លួនឲ្យទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។ ប៉ុន្តែ ពួកអ្នកធ្វើចម្ការបានចាប់ពួកអ្នកបម្រើរបស់គាត់ គេវាយម្នាក់ សម្លាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្ម។ បន្ទាប់មក គាត់ក៏ចាត់អ្នកបម្រើផ្សេងទៀតច្រើនជាងមុនឲ្យទៅ តែគេប្រព្រឹត្តនឹងអ្នកទាំងនោះដូចគ្នា។ នៅទីបំផុត គាត់ចាត់កូនប្រុសរបស់គាត់ឲ្យទៅជួបពួកគេ ដោយគិតថា "គេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន" ប៉ុន្តែ ពេលពួកអ្នកចម្ការបានឃើញកូនប្រុសនោះ គេពិគ្រោះគ្នាថា "នេះជាកូនគ្រងមត៌កហើយ មកយើងសម្លាប់វាចោល ហើយយកមត៌ករបស់វា!" គេក៏ចាប់កូននោះ បោះទៅខាងក្រៅចម្ការ ហើយសម្លាប់ចោល។ ដូច្នេះ ពេលម្ចាស់ចម្ការមកដល់ តើគាត់នឹងធ្វើយ៉ាងណាចំពោះពួកអ្នកធ្វើចម្ការទាំងនោះ?» គេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ជនពាលទាំងនោះឥតត្រាប្រណី ហើយប្រវាស់ចម្ការទៅឲ្យអ្នកធ្វើចម្ការផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់នៅរដូវប្រមូលផល»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលអានទេឬ? នៅក្នុងបទគម្ពីរចែងថា៖ "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ ព្រះអម្ចាស់បានធ្វើការនេះ ហើយជាការដ៏អស្ចារ្យនៅចំពោះភ្នែកយើងខ្ញុំ "។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះរាជ្យរបស់ព្រះនឹងត្រូវយកចេញពីអ្នករាល់គ្នា ហើយប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលនឹងបង្កើតផលរបស់ព្រះរាជ្យ។ អ្នកណាដែលធ្លាក់លើថ្មនេះនឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនេះធ្លាក់លើ អ្នកនោះនឹងត្រូវកិនខ្ទេចខ្ទីទៅ»។ កាលពួកសង្គ្រាជ និងពួកផារិស៊ីបានឮរឿងប្រៀបធៀបរបស់ព្រះអង្គ គេក៏យល់ថា ទ្រង់មានព្រះបន្ទូលអំពីពួកគេ។ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះអង្គជាហោរា។
ម៉ាថាយ 21:23-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ* ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន” បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឲ្យមក” នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី*»។ ដូច្នេះ គេទូលឆ្លើយព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ «អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!”។ ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថា: “បាទ កូនទៅ!” តែអត់ទៅទេ។ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖ «កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ* និងពួកស្ត្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ មុនអ្នករាល់គ្នា ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនដូរចិត្តគំនិត ហើយជឿលោកដែរ»។ «សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។ ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើមកវាយដំម្នាក់ ប្រហារជីវិតម្នាក់ និងយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ នៅទីបំផុត ម្ចាស់ចម្ការចាត់កូនប្រុសរបស់គាត់ឲ្យមកជួបគេ ដោយគិតថា “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា: “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង” ។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ? ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ។ អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*ឮដូច្នោះក៏ដឹងថា ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើពួកគេ។ គេនាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះយេស៊ូជាព្យាការី*មួយរូប។
ម៉ាថាយ 21:23-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក ព្រះយេស៊ូវមានបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់ តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។ ប៉ុន្តែ អ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចំការអញទៅ កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះវាទទួលថា ខ្ញុំទៅ លោកឪពុក ប៉ុន្តែវាមិនបានទៅទេ ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ នឹងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ នឹងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ។ ចូរស្តាប់ពាក្យប្រៀបប្រដូច១ទៀត មានថៅកែម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន តែពួកធ្វើចំការ គេចាប់បាវទាំងនោះវាយម្នាក់ សំឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា ដល់ក្រោយបង្អស់ គាត់ចាត់កូនខ្លួនឲ្យទៅដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចំការ ហើយសំឡាប់ចោលទៅ ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចំការទាំងនោះ គេទូលឆ្លើយតបថា គាត់នឹងសំឡាប់ពួកកំណាចទាំងនោះយ៉ាងអាក្រក់ណាស់ រួចនឹងប្រវាស់ចំការទៅឲ្យពួកឯទៀតវិញ ដែលគេនឹងឲ្យផលដល់គាត់តាមរដូវ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ» ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ កាលពួកសង្គ្រាជ នឹងពួកផារិស៊ីបានឮពាក្យប្រៀបប្រដូចទាំងនោះហើយ គេក៏ដឹងថា ទ្រង់មានបន្ទូលឆ្ពោះខ្លួនគេ រួចគេរកហេតុនឹងចាប់ទ្រង់ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស ពីព្រោះបណ្តាមនុស្សទាំងឡាយរាប់ទ្រង់ទុកជាហោរា។