ម៉ាថាយ 21:23-46

ម៉ាថាយ 21:23-46 ពគប

កាល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​មក​ឯ​ទ្រង់ ដែល​កំពុង​តែ​បង្រៀន ហើយ​ទូល​កាត់​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ តើ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ បើ​អ្នក​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ណា ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស នោះ​គេ​ក៏​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់ តែ​បើ​យើង​ថា មក​ពី​មនុស្ស​វិញ នោះ​ខ្លាច​ហ្វូង​មនុស្ស ដ្បិត​គេ​រាប់​យ៉ូហាន​ទុក​ជា​ហោរា​ទាំង​អស់​គ្នា រួច​គេ​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​ក៏​មាន​បន្ទូល​តប​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។ ប៉ុន្តែ អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច មាន​មនុស្ស​ម្នាក់​មាន​កូន​ប្រុស​២ គាត់​ទៅ​ប្រាប់​កូន​ច្បង​ថា កូន​អើយ ថ្ងៃ​នេះ ចូរ​ឯង​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​អញ​ទៅ កូន​នោះ​ប្រកែក​ថា ខ្ញុំ​មិន​ទៅ​ទេ ដល់​ក្រោយ​មក​វា​ប្រែ​ចិត្ត​ជា​ទៅ​វិញ គាត់​ក៏​ទៅ​ប្រាប់​ដល់​កូន​ពៅ​ដូច​គ្នា ឯ​កូន​នោះ​វា​ទទួល​ថា ខ្ញុំ​ទៅ លោក​ឪពុក ប៉ុន្តែ​វា​មិន​បាន​ទៅ​ទេ ដូច្នេះ បណ្តា​កូន​ទាំង​២​នោះ តើ​កូន​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪពុក គេ​ឆ្លើយ​ថា កូន​ច្បង ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​យក​ពន្ធ នឹង​ពួក​ស្រី​សំផឹង គេ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​មុន​អ្នក​រាល់​គ្នា ដ្បិត​យ៉ូហាន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់​ទេ ឯ​ពួក​យក​ពន្ធ នឹង​ពួក​ស្រី​សំផឹង គេ​បាន​ជឿ​តាម​គាត់​វិញ លុះ​កាល​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ នោះ​ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត​ជឿ​តាម​គាត់​ដែរ។ ចូរ​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត មាន​ថៅកែ​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ ហើយ​សង់​ប៉ម ក៏​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ កាល​ជិត​ដល់​រដូវ​បេះ​ផ្លែ​ហើយ នោះ​ក៏​ប្រើ​បាវ​ខ្លួន​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ទាំង​នោះ ដើម្បី​នឹង​ទទួល​ផល ជា​ចំណែក​របស់​ខ្លួន តែ​ពួក​ធ្វើ​ចំការ គេ​ចាប់​បាវ​ទាំង​នោះ​វាយ​ម្នាក់ សំឡាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម​វិញ ថៅកែ​ក៏​ប្រើ​បាវ​ដទៃ​ជា​ច្រើន​ជាង​មុន​ឲ្យ​ទៅ​ទៀត តែ​គេ​ប្រព្រឹត្ត​នឹង​បាវ​ទាំង​នោះ​បែប​ដូច​គ្នា ដល់​ក្រោយ​បង្អស់ គាត់​ចាត់​កូន​ខ្លួន​ឲ្យ​ទៅ​ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា គេ​ក៏​ចាប់​កូន​នោះ បោះ​ចោល​ទៅ​ខាង​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ដូច្នេះ កាល​ណា​ថៅកែ​ចំការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​អ្វី​ដល់​ពួក​អ្នក​ដែល​ធ្វើ​ចំការ​ទាំង​នោះ គេ​ទូល​ឆ្លើយ​តប​ថា គាត់​នឹង​សំឡាប់​ពួក​កំណាច​ទាំង​នោះ​យ៉ាង​អាក្រក់​ណាស់ រួច​នឹង​ប្រវាស់​ចំការ​ទៅ​ឲ្យ​ពួក​ឯ​ទៀត​វិញ ដែល​គេ​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​ក្នុង​គម្ពីរ​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ​គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ត្រូវ​ថ្ម​នោះ​ធ្លាក់​មក​លើ​ខ្លួន នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ កាល​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នោះ​ហើយ គេ​ក៏​ដឹង​ថា ទ្រង់​មាន​បន្ទូល​ឆ្ពោះ​ខ្លួន​គេ រួច​គេ​រក​ហេតុ​នឹង​ចាប់​ទ្រង់ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស ពី​ព្រោះ​បណ្តា​មនុស្ស​ទាំង‌ឡាយ​រាប់​ទ្រង់​ទុក​ជា​ហោរា។

អាន ម៉ាថាយ 21